ពានរង្វាន់គរុគុណ រៀបចំឡើងដើម្បីរំលឹកគុណ ស្ថាបនិករបស់សហព័ន្ធ ដែលបានលះបង់កសាង ឱ្យមានវឌ្ឍនភាព និងជោគជ័យរហូតដល់បច្ចុប្បន្ន
ការរៀបចំការប្រកួតពានរង្វាន់គរុគុណជារៀងរាល់ឆ្នាំ គឺដើម្បីរំលឹកគុណ ស្ថាបនិករបស់សហព័ន្ធ ដែលបានលះបង់កសាង ឱ្យមានវឌ្ឍនភាព និងជោគជ័យរហូតដល់បច្ចុប្បន្ន ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមសុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាថ្លែងក្នុងពិធីបើកការប្រកួត កីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ – ២០២២” នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានអូឡាំពិក ។
ឯកឧត្តម សុខ សូកាន បានថ្លែងថា ការរៀបចំអោយមានការប្រកួតជារៀងរាល់ឆ្នាំនេះ ពិតជាបានបញ្ជាក់នូវភាពរឹងមាំនិងភាពចាស់ទុំរបស់សហព័ន្ធ ក៏ដូចជាវឌ្ឍនភាពជាវិជ្ជមានលើវិស័យកីឡាប៊ូល និងប៉េតង់របស់កម្ពុជា។ឯកឧត្តម បន្តថា ប្រភេទកីឡាប៊ូល និងប៉េតង់ ត្រូវបានគេស្គាល់ និងឱ្យតម្លៃ ល្បីល្បាញទូទាំងតំបន់ និងសកលលោក ជាពិសេសត្រូវបានស្ថាប័នសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) ប្រសិទ្ធនាមកម្ពុជាថាជា “ប្រទេសមហាអំណាចលើវិស័យកីឡាប៉េតង់”។
ឯកឧត្តម សុខ សូកាន បន្ថែមថា ពានរង្វាន់គរុគុណ រៀបចំឡើងដើម្បីរំលឹក និងតបស្នងនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់សម្ដេចទាំងទ្វេដែលជាស្ថាបនិករបស់សហព័ន្ធ ក៏ដូចជាឥស្សរជននិងអតីតថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងខិតខំប្រឹងប្រែងក្នុងការកសាង ឱ្យមានវឌ្ឍនភាព និងជោគជ័យរហូតដល់បច្ចុប្បន្ន។ ជាពិសេសគឺ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាអតីតប្រធានកិត្តិយសផង និងជាប្រធានសហព័ន្ធផង ព្រមទាំង សម្ដេចវិបុលបញ្ញា សុខ អាន ដែលជាអតីតប្រធានសហព័ន្ធ ក៏ដូចជាឥស្សរជនកំពូលៗជាច្រើនរូបទៀត។តាមរបាយការណ៍ ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៉េតង់កម្ពុជា ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២នេះ មានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ៤៥៩នាក់ មកពីសមាគម និងក្លឹប៦២ ស្មើនឹង១១រាជធានី-ខេត្ត ប្រកួតលើ៧វិញ្ញាសា សរុប៤៣៨ប្រកួត៕
សូមបញ្ចេញមតិនៅទីនេះ