Conte ថា កីឡាករដែលលេងនៅផ្ដាច់ព្រ័ត្រ World Cup នឹងត្រូវឲ្យសម្រាកសិន
(បាល់ទាត់)៖ អ្នកចាត់ការរបស់ Spurs លោក Antonio Conte បានលើកឡើងថា លោកនឹងជ្រើសរើសតែកីឡាករណា ដែលមិនលេងនៅផ្ដាច់ព្រ័ត្រ World Cup សម្រាប់ការប្រកួតទល់នឹង Brentford នៅយប់នេះ។
ក្របខណ្ឌ Premier League បានវិលត្រឡប់មកវិញហើយ នៅថ្ងៃច័ន្ទនេះ ពោលគឺ ៨ថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតាបានបញ្ចប់។ លោក Conte បាននិយាយថា កីឡាកររបស់លោកដែលលេងនៅផ្ដាច់ព្រ័ត្រ World Cup ដូចជាអ្នកចាំទី Hugo Lloris របស់បារាំង និង Cristian Romero របស់អាហ្សង់ទីន នឹងមិនដាក់ឲ្យលេងជាមួយ Brentford ឡើយ។
និយាយមុនការប្រកួតមកដល់ អ្នកចាត់ការសញ្ជាតិអ៊ីតាលីបញ្ជាក់ថា លោកមិនសូវជាសប្បាយចិត្តប៉ុន្មានទេ។ ជារឿងល្អដែល Spurs មានកីឡាករដល់ទី១២នាក់ បានទៅលេងនៅ World Cup មានន័យថា ក្លិបកំពុងស្ថិតលើផ្លូវត្រឹមត្រូវក្នុងការព្យាយាមប្រកួតប្រជែង និងឈ្នះពានអ្វីមួយព្រោះមានកីឡាករល្អៗ។
ប៉ុន្តែពេលដែលមានកីឡាករច្រើនលេងក្នុងកម្មវិធីបែបនេះ អំឡុងពេលរដូវកាលកំពុងតែដំណើរការ វាមិនមែនជារឿងងាយស្រួលឡើយ ព្រោះតែស្ថានភាពរាងកាយមិនស្ថិតនៅចំណុចកំពូល។ ជាក់ស្ដែង ខ្សែប្រយុទ្ធ Richarlison ត្រូវសម្រាកដល់ទៅមួយខែ ដោយសារតែរងរបួសអំឡុងលេងឲ្យប្រេស៊ីល ក្នុងប្រទេសកាតា៕
សូមបញ្ចេញមតិនៅទីនេះ