ឡាវ ក្រុមទី២ បន្ទាប់ពី ប៊្រុយណេ ត្រូវហាលអាវ ជាមួយកំណត់ត្រា គ្មានគ្រាប់បាល់ នៅ AFF Cup 2022
(បាល់ទាត់)៖ ក្រុមជម្រើសជាតិ ឡាវ អស់ឱកាសឡើងទៅវគ្គបន្តហើយ ក្រោយបន្តរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិ សិង្ហបុរី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន New Laos National នៅទីក្រុងវៀងច័ន្ទ ពូល B នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022។
មែនទែនទៅ ឡាវ គឺជាក្រុមទី២ បន្ទាប់ពីក្រុមជម្រើសជាតិ ប្រ៊ុយណេ ដែលហាលអាវត្រលប់ទៅផ្ទះមុនគេ ក្រោយឆ្លងកាត់ ៣ប្រកួត ចាញ់ទាំង៣ ភ្ជាប់ជាមួយកំណត់ត្រាមិនបានស៊ុតបញ្ចូលទីសោះ និងរបូតគ្រាប់បាល់សរុបចំនួន ១៣គ្រាប់។
ខាងក្រោមនេះ ជាស្ថិតិ ៣ប្រកួតរបស់ឡាវ ក្រោមការដឹកនាំរបស់លោក Michael Weiss គ្រូបង្វឹកជនជាតិអាល្លឺម៉ង់៖
-ប្រកួតទីមួយ ក្រុមជម្រើសជាតិ ឡាវ បានចាញ់ វៀតណាម ក្នុងលទ្ធផល ០ ទល់នឹង ៦
-ប្រកួតទីពីរ ក្រុមជម្រើសជាតិ ឡាវ បានចាញ់ ម៉ាឡេស៊ី ក្នុងលទ្ធផល ០ ទល់នឹង ៥
--ប្រកួតទីបី ក្រុមជម្រើសជាតិ ឡាវ បានចាញ់ សិង្ហបុរី ក្នុងលទ្ធផល ០ ទល់នឹង ២។
គិតមកទល់ពេលនេះ ក្រៅពី ប្រ៊ូយណេ និង ឡាវ ក៏មានក្រុមមួយទៀតដែលមិនទាន់ស្គាល់ភាពឈ្នះទាល់តែសោះ ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 នេះ គឺក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា ដោយ ២ប្រកួត ចាញ់ទាំងពីរ មាន ០ពិន្ទុ។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិឡាវ នៅសល់មួយប្រកួតក្នុងដៃទៀត ដោយត្រូវលេងបង្រ្គប់កិច្ចជាមួយក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា នៅថ្ងៃ សុក្រ ទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ នាកីឡដ្ឋាន Thuwunna Stadium ប្រទេសមីយ៉ាន់ម៉ា៕
សូមបញ្ចេញមតិនៅទីនេះ