ចំណាប់អារម្មណ៍របស់ សឿយ វិសាល និងលោក Ryu Hirose ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតទល់នឹងប្រ៊ុយណេ
ចំណាប់អារម្មណ៍របស់ប្រធានក្រុម សឿយ វិសាល និងលោក Ryu Hirose គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ កម្ពុជា ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ទល់នឹងក្រុមជម្រើសជាតិ ប្រ៊ុយណេ នៅថ្ងៃទី២៩ ខែធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៥:០០នាទីល្ងាច។
សឿយ វិសាល បានលើកឡើងដូច្នេះថា៖«ខ្ញុំរីករាយណាស់ សម្រាប់ការប្រកួតជាមួយនឹងព្រុយណេ ហើយសម្រាប់ការប្រកួតនេះ គឺពួកយើងចាំបាច់ខ្លាំងណាស់ ដោយសារក្រុមរបស់ពួកយើងត្រូវការតែជ័យជម្នះ ហើយនៅក្នុងជ័យជម្នះ ក៏ពួកយើងប្រយ័ត្នផងដែរ ព្រោះថា ព្រុយណេ គឺជាក្រុមមួយដែលគេលេងដោយឆន្ទៈរបស់ពួកគេ»។
ប្រធានក្រុមរូបនេះ បានបន្តថា ៖«ទោះបីជាគេអស់ឱកាសឡើងទៅវគ្គបន្តក៏ដោយ ក៏ពួកគេនៅតែប្រឹងប្រែងលេងដោយឆន្ទៈរបស់ពួកគេ ហើយពួកយើងប្រយ័ត្នចំពោះពួកគេខ្លាំងដូចគ្នា ហើយក្រុមរបស់ពួកគេក៏ព្យាយាមរកជ័យជម្នះ ដើម្បីរកពិន្ទុពីពួកយើងផងដែរ»។
ជាមួយគ្នានេះ លោក Ryu Hirose គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា ថ្លែងដូច្នេះថា៖«អ្វីដែលសំខាន់បំផុត សម្រាប់ការប្រកួតទល់នឹងប្រ៊ុយណេ គឺការទទួលបានពិន្ទុ ឈ្នះទល់នឹងក្រុមប៊្រុយណេ ម្យ៉ាងទៀត យើងនឹងព្យាយាមរកគ្រាប់បាល់ឱ្យច្រើន តាមដែលអាចធ្វើទៅបាន»។
លោកបានបន្ថែមថា៖«ដើម្បីប្រជែងឈរនៅលើកំពូលតារាងជាមួយក្រុមផ្សេងទៀត ប៉ុន្តែយើងដឹងថា ប៊្រុយណេ គឺជាក្រុមដែលខិតខំប្រឹងប្រែងលេងខ្លាំង ដូច្នេះយើងនឹងព្យាយាមធ្វើអោយបានល្អបំផុត សម្រាប់ក្រុមយើង»៕
សូមបញ្ចេញមតិនៅទីនេះ