ព្រហស្បតិ៍ , 29 ធ្នូ 2022
ទើបជា តែពេលនេះ Reece James របួសជាថ្មី ត្រូវសម្រាកដល់ទៅ៤សប្ដាហ៍
ខ្សែការពាររបស់ Chelsea កីឡាករ Reece James នឹងត្រូវសម្រាកពី៣ទៅ៤សប្ដាហ៍ ដោយសារបញ្ហារបួសជង្គង់ អំឡុងការប្រកួត Premier League ឈ្នះ ២-០ លើ Bournemouth កាលពីដើមសប្ដាហ៍។
កីឡាករសញ្ជាតិអង់គ្លេស ដែលខកខានមិនបានទៅលេងព្រឹត្តិការណ៍ World Cup ព្រោះតែបញ្ហាជង្គង់ដូចគ្នានេះ ត្រូវបានប្ដូរចេញពីការប្រកួតខាងលើនៅនាទីទី៥៣។ វាគឺជាការប្រកួតដំបូងរបស់គេ ចាប់តាំងពីត្រឡប់មកវិញក្រោយជាពីរបួស។ កាលពីម្សិលមិញ James វ័យ២៣ឆ្នាំបានបង្ហោះសារលើបណ្ដាញសង្គម Twiiter ថា ២០២២ ជាឆ្នាំដែលលំបាកបំផុតរហូតដល់សព្វថ្ងៃ។
សម្រាប់អ្នកចាត់ការរបស់ Chelsea លោក Graham Potter ក៏បាននិយាយពីរបួសរបស់ James ដែរថា លោកសង្ឃឹមថា វានឹងមិនអាក្រក់ដូចកាលពីមុន ហើយគេអាចឆាប់ជាលឿន។ រដូវកាលនេះ James លេងទើបតែបាន៨ប្រកួតប៉ុណ្ណោះ ក្នុងលីគឲ្យតោខៀវ Chelsea និងរកបានមួយគ្រាប់។
ជាមួយដំណឹងអាក្រក់នេះ Chelsea ក៏ទទួលបានដំណឹងល្អដំណើរគ្នាផងដែរ ដោយពួកគេបានប្រកាសយល់ព្រមចុះកុងត្រាជាមួយខ្សែប្រយុទ្ធសញ្ជាតិកូឌីវ័រ David Datro Fofana ពីក្លិបនៅលីគន័រវេស Molde។ Fofana វ័យ២០ឆ្នាំ រកបាន ១៥គ្រាប់ សម្រាប់២៤ប្រកួតក្នុងលីគ សម្រាប់ Molde នៅឆ្នាំ២០២២នេះ៕
សូមបញ្ចេញមតិនៅទីនេះ