មកដល់ភ្លាម Gakpo សរសើរ Liverpool ថា ជាក្លិបអស្ចារ្យ និងកន្លែងល្អ សម្រាប់អភិវឌ្ឍន៍ខ្លួន
ក្លិបហ្សងក្រហម Liverpool ទិញបានខ្សែប្រយុទ្ធសញ្ជាតិហុល្លង់ Cody Gakpo ពីក្លិប PSV Eindhoven ហើយ ក្នុងតម្លៃខ្លួនចន្លោះ ៤០ ទៅ ៥០លានអឺរ៉ូ។
ក្លិប PSV បានបញ្ជាក់ថា នេះជាតម្លៃកំណត់ត្រាផ្ទេរសម្រាប់ក្លិប ដែលមិនធ្លាប់មានពីមុន។ Gakpo វ័យ ២៣ឆ្នាំនឹងចូលរួមជាមួយ Liverpool ជាផ្លូវការនៅពេលទីផ្សារដោះដូរកីឡាករនៅខែមករា បើក ហើយកុងត្រារបស់គេមានរយៈពេលដល់ឆ្នាំ២០២៨។
ក្រោយរកបានក្លិបថ្មី Gakpo បាននិយាយថា៖ “ខ្ញុំទន្ទឹងរង់ចាំចាប់ផ្តើមហ្វឹកហាត់ និងចាប់ផ្តើមលេងឲ្យក្លឹបដ៏អស្ចារ្យនេះ។ ខ្ញុំគិតថា នេះគឺជាក្លឹបដ៏អស្ចារ្យមួយ សម្រាប់ខ្ញុំក្នុងការចូលរួម ហើយព្យាយាមបង្ហាញពីអ្វីដែលខ្ញុំអាចធ្វើបាន និងព្យាយាមជួយក្រុមឲ្យសម្រេចបាននូវពេលវេលាដ៏ល្អបន្ថែមទៀត ដែលពួកគេបានធ្វើរួចមកហើយ កាលពីប៉ុន្មានឆ្នាំមុន។ ខ្ញុំគិតថា សម្រាប់ខ្ញុំផ្ទាល់វាក៏ល្អដែរក្នុងការអភិវឌ្ឍនៅទីនេះ ហើយមានកីឡាករល្អៗជាច្រើននៅទីនេះ ខ្ញុំអាចរៀនបានច្រើនពីពួកគេ"។
គួរបញ្ជាក់ថា Gakpo បានទាក់ចិត្តលោក Jurgen Klopp បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងល្អនៅ World Cup ជួយហុល្លង់ ឡើងដល់វគ្គ៨ក្រុមចុងក្រោយ។ ការមកដល់របស់យុវជនកំពុងឡើងជើងម្នាក់នេះ គឺដើម្បីមកជំនួសកន្លែង Luis Diaz និង Diogo Jota បានប្រឈមមុខនឹងការសម្រាករយៈពេលយូរ៕
សូមបញ្ចេញមតិនៅទីនេះ