ព្រហស្បតិ៍ , 29 ធ្នូ 2022
អេអាំម៉ារីន មិនញញើត ទោះជួបកីឡាករថៃមិនធ្លាប់ស្គាល់ នៅថ្ងៃឆ្លងឆ្នាំ
អ្នកប្រដាល់វ័យក្មេង អេអាំម៉ារីន ភូថង បានបង្ហាញជំនឿចិត្តខ្ពស់ មិនខ្លាចចំពោះការប៉ះកីឡាករ ថៃក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះក្នុងកម្មវិធីប្រដាល់ គ្រុឌគុនខ្មែរ នៅខេត្តត្បូងឃ្មុំ ដែលមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា ទទក ។
ថ្លែងប្រាប់ Lee News ពីកន្លែងហ្វឹកហាត់ អេអាំម៉ារីន បាននិយាយថា «...ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តព្រោះបានចេញវ៉ៃថ្ងៃឆ្លងឆ្នាំចឹង ។ ខ្ញុំអត់ទាន់ស្គាល់ថាកីឡាករថៃ ដែលជាដៃគូត្រូវប៉ះគ្នាដែរបង តែឮគេថាកីឡាករថៃម្នាក់ ហ្នឹងធ្លាប់មកវ៉ៃស្រុកខ្មែរកន្លងមកច្រើនដងដែរបង តែខ្ញុំអត់ដឹងអ្នកណាគេទេ។ សម្រាប់ខ្ញុំបានហ្វឹកហាត់ត្រៀមរួចរាល់អស់ហើយបង ព្រោះបានត្រៀមហ្វឹកហាត់បន្ថែមបច្ចេកទេសឲ្យបានច្រើន ព្រោះអីថៃដែលមកវ៉ៃជាមួយយើងភាគច្រើន គេចូលចិត្តវ៉ៃក្បាច់ជាមួយយើង»។
កូនប្រុសទី៣របស់លោកគ្រូ អេ ភូថង រូបនេះបានបន្ថែមទៀតថា « សម្រាប់ខ្ញុំគិតថានៅមានចំណុចខ្វះខាតខ្លះដែរបងគឺការគិតយឺត និងចេញយឺតជាងគេ តែទោះជាយ៉ាងនេះក្តី ក៏ខ្ញុំមិនសូវបារម្ភប៉ុន្មានទេ ព្រោះឭថាកីឡាករថៃនោះ ធ្លាប់មកវ៉ៃស្រុកខ្មែរដែរ»។
ទាក់ទងផលចំណេញនៃការបង្កើតកម្មវិធីប្រដាល់តាមខេត្តកីឡាករកម្ពស់ ១,៨៤ ម៉ែត្រ បានលើកឡើងថា ការចេញវ៉ៃតាមបណ្តាខេត្តបែបនេះ ភាគច្រើនក្មេងៗមិនសូវស្គាល់ប្រដាល់ទេ តែមានការប្រកួតតាមខេត្តពេលគេឃើញ គេនាំគ្នាមកមើលច្រើន។ នោះគេនឹងអាចស្គាល់គុនខ្មែរ កាន់តែច្រើន ។
សម្រាប់ការប្រកួតចុងឆ្នាំនេះ កីឡាករជំនាញប្រើជង្គង់បានប្ដេជ្ញាចិត្តថា នឹងវ៉ៃអស់ពីសមត្ថភាព មិនឲ្យបងប្អូនអ្នកគាំទ្រខកចិត្តឡើយ ។ ជាចុងក្រោយរូបគេសូមអគុណអ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្ររូបគេតាំងពីមុន រហូតដល់ពេលនេះ៕
សូមបញ្ចេញមតិនៅទីនេះ