សុក្រ , 30 ធ្នូ 2022
តារាសម្តែង នី មុន្នីនាថ អត់ហ៊ានបង្ហាញមុខកូនកំលោះ ខណៈបង្ហាញរ៉ូបកូនក្រមុំញឹកញាប់
កម្សាន្ត៖ មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រ ក្រោយមួយរយៈនេះគេតែងឃើញតារាសម្តែង នី មុន្នីនាថ ចែករំលែករូបភាព ដ៏ស្រស់ស្អាតក្នុងឈុតរ៉ូបពណ៌សបែបកូនក្រមុំនៅក្នុងគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន ។ ធ្វើឱ្យមានការសង្ស័យថា នី មុន្នីនាថ ជិតមានដំណឹងល្អខណៈកន្លងមក នាងប្រាប់ថា មានគូស្នេហ៍ហើយជាអ្នកជំនួញរស់នៅក្រៅប្រទេស ប៉ុន្តែមិនទាន់បង្ហាញមុខ ។
ជឿជាក់ថាអ្នកគាំទ្រពិតជាបានជ្រាបថា ក្រោយចែកផ្លូវជាមួយគូដណ្តឹងជាអ្នក រស់នៅសហរដ្ឋអាមេរិកកាលពីអំឡុងឆ្នាំ ២០១៧ បានមួយរយៈតារាសម្តែង នី មុន្នីនាថ ក៏រកបានអ្នកស្អំបេះដូងថ្មីជាបុរសខ្មែររស់នៅប្រទេសអូស្រ្តាលី ដែលជា ញយដងនាងតែងសរសើរមិត្តប្រុសថា ជាបុរសល្អយកចិត្តទុកដាក់នឹងជួយលើកទឹកចិត្តនាងគ្រប់ពេល ។
បើទោះប្រកាសមានដៃគូច្រើនឆ្នាំមកហើយក្តី តែ នី មុន្នីនាថ មិនដែលមានភាពក្លាហានហ៊ានបង្ហាញមុខគូស្នេហ៍ជាសាធារណៈ ឡើយ ហើយអ្វីដែលកាន់តែកត់សម្គាល់ចុងក្រោយនេះក៏មានការសង្ស័យថា តារាស្រីសប្បុរស្រអែម ជិតមានដំណឹងល្អ ខណៈឃើញនាងតែងបង្ហាញរូបភាពក្នុងឈុតរ៉ូបពណ៌សដូចកូនក្រមុំដែលមានការលើកឡើងថា អាចជារូបភាព Pre Wedding ។
ជួបជាមួយ Lee News តាមទូរស័ព្ទតារាសម្តែងសម្បុរស្រអែមស្រស់ នី មុន្នីនាថ បានប្រាប់ថាគូស្នេហ៍នាងឡើងចុះស្រុកខ្មែរជាធម្មតា តែនាងមិន មានបំណងចង់បង្ហាញមុខមាត់ដៃគូជាសាធារណៈឡើយ ពោលគឺចាំ បង្ហាញមុខនៅក្នុងថ្ងៃរៀបការតែម្តងប៉ុន្តែនាងមិនទាន់គិតគូររឿង រៀបការនៅឡើយទេ ។
នី មុន្នីនាថ ក៏ជាតារាសម្តែងម្នាក់ ដែលឈរក្នុងលំដាប់ជួរមុខកាលពីប៉ុន្មានឆ្នាំមុនពោលនាងក្តោបបានតំណែងជា តួឯកគ្រប់រឿងមិនថា រឿងភាគឬរឿងទូរទស្សន៍ឡើយ តែប្រមាណជាជិតបីឆ្នាំ ចុងក្រោយនេះកញ្ញា ហាក់លែងខ្វល់ខ្វាយជាមួយការងារសម្តែងក្រោមកម្តៅថ្ងៃ ដូចមុន ពោលគឺនាងបានងាកធ្វើការងារសង្គមយ៉ាងសស្រាក់សស្រាំក្នុងនាមជាប្រធានមូលនិធិផ្តល់ឈាមដែលស្ថិតក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម។
នី មុន្នីនាថ បានប្រាប់ថានាងចង់ធ្វើការងារមួយនេះឱ្យបានជោគជ័យព្រោះ ឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយជីវិតមនុស្ស ។ ក្នុងនាមជាប្រធាន នី មុន្នីនាថ មិនចង់ព្រលែងការងារសំខាន់នេះឡើយព្រោះនៅក្នុងខែ កុម្ភៈឆ្នាំ២០២៣ ខាងមុខនេះនាងមានគម្រោងធ្វើកម្មវិធីធំមួយសម្រាប់មូលនិធិ ផ្តល់ឈាម។សម្រាប់ការងារសិល្បៈ នី មុន្នីនាថ នឹងចាប់ទទួលការងារសម្តែង ជាថ្មីវិញនៅពាក់កណ្តាលឆ្នាំក្រោយនេះ៕
សូមបញ្ចេញមតិនៅទីនេះ