លឹម ពិសុទ្ធ និង Nick Taylor ស៊ុតគ្រាប់បាល់ដំបូងក្នុង ក្រុមជម្រើសជាតិ ខណ:កម្ពុជា ឈ្នះប្រ៊ុយណេ ៥-១
ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះប្រ៊ុយណេ ក្នុងលទ្ធផល ៥-១ ពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ការប្រកួតបាន២១នាទីត្រូវបានភ្ញៀវ ប្រ៊ុយណេ នាំមុខ ១-០ ដោយការតែតចូលទីពីការលើកបាល់ពីជ្រុង ប៉ុន្តែដល់នាទី៣១ កម្ពុជា តាមស្មើ ១-១ ដោយខ្សែការពារ ជូន ចាន់ចាវ បន្ទាប់ពីបញ្ជូនបាល់ពីខ្សែការពារ ទេស សម្បត្តិ។
ដល់នាទី៥៣ កម្ពុជា ទទួលបានពិន័យ ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារព្រុយណេ បង្កកំហុសលើកីឡាករ Nick Taylor ដែលជាអ្នកស៊ុតបានសម្រេចជួយឲ្យកម្ពុជា នាំមុខ ២-១។ បន្ទាប់មក កម្ពុជា នៅតែបន្តសម្រុក ហើយនៅនាទី៧៣ កម្ពុជា ទទួលបានបាល់ពិន័យ១១ម៉ែត្រជាលើកទី២ ហើយលើកនេះ កែវ សុខផេង ដែលដូរចូលជំនួស Nick Taylor ស៊ុតបានសម្រេចជួយឲ្យកម្ពុជា នាំមុខ ៣-១។ ៣គ្រាប់ហើយនៅមិនទាន់អស់ទេ ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ ស៊ុតបាន២គ្រាប់នៅនាទី៨០ និងនាទី៨៩ ដើម្បីបន្តនាំមុខ ៥-១។ ចប់ការប្រកួតកម្ពុជាឈ្នះ ៥-១។
ការប្រកួតយប់មិញនេះ កីឡាករ Nick Taylor និងខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ សុទ្ធតែរកបានគ្រាប់បាល់ដំបូងដូចគ្នា ក្នុងក្រុមជម្រើសជាតិឈុតធំ ខណៈ Nick Taylor ជាកីឡាករខ្មែរកាត់អាមេរិកដំបូងគេ ដែលរកបានគ្រាប់បាល់បញ្ចូលទី សម្រាប់ក្រុមជម្រើសជាតិកម្ពុជា។
មែនទែនទៅ ការលេងនៅវគ្គសន្សំពិន្ទុ ជុំផ្តាច់ព្រ័ត្រ ៩លើកហើយគិតចាប់តាំងពីឆ្នាំ១៩៩៦មក នេះជាលើកទី១ហើយដែលកម្ពុជា ឈ្នះ២ប្រកួត។ ប៉ុន្តែបើនិយាយក្នុងវគ្គជម្រុះវិញ កម្ពុជា ធ្លាប់ឈ្នះដល់ទៅ៣លើក ក្នុងមួយរដូវកាល។
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើទៅប្រកួតជាមួយជម្រើសជាតិថៃ ក្នុងការប្រកួតចុងក្រោយក្នុងពូល A ហើយការប្រកួតនេះ កម្ពុជា ត្រូវការឈ្នះដាច់ខាតបើចង់ឡើងទៅជុំបន្ទាប់ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
ក្រុមជម្រើសជាតិថៃ ប្រកួតស្មើជាមួយ ឥណ្ឌូនេស៊ី ១-១ ក្នុងការប្រកួតទី៣ មានន័យថា ពួកគេមាន៧ពិន្ទដូចគ្នា ខណៈកម្ពុជា មាន៦ពិន្ទុ។ ប្រកួតចុងក្រោយឥណ្ឌូនេស៊ី ត្រូវជួបហ្វីលីពីន ដែលមានតែ៣ពិន្ទុ ក្នុងការលេង៣ប្រកួត។
តារាងចំណាត់ថ្នាក់ពូល A៖
១. ថៃ ៣ប្រកួត ឈ្នះ២ ស្មើ១ ៧ពិន្ទុ
២. ឥណ្ឌូនេស៊ី ៣ប្រកួត ឈ្នះ២ ស្មើ១ ៧ពិន្ទុ
៣. កម្ពុជា ៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ
៤. ហ្វីលីពីន ៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣
៥. ប្រ៊ុយណេ ៤ប្រកួត ចាញ់ទាំង៤៕
សូមបញ្ចេញមតិនៅទីនេះ