ពុធ , 04 មករា 2023
ស្ថិតិ និងកំណត់ត្រារបស់លោក Keisuke Honda ក្នុងនាមជាអ្នកចាត់ការទូទៅកម្ពុជា ឈុតធំ តាំងពីឆ្នាំ ២០១៨
ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីម្សិលមិញនេះ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានចែកផ្លូវគ្នាជាមួយក្រុមជម្រើសជាតិ ឈុតធំ ជាផ្លូវការណ៍ហើយ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោក Keisuke Honda បានឈានជើងមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដំបូងក្នុងឆ្នាំ ២០១៨ ដោយគិតមកទល់ពេលនេះ លោកបានដឹកនាំសរុប ៣៤ប្រកួត ឈ្នះ ៩ប្រកួត ស្មើ៤ និងចាញ់ ២១ប្រកួត។
ការដឹកនាំរបស់លោក Honda ពិតណាស់ ក្នុងនាមជាអ្នកជួយពិតប្រាកដ ដោយមិនមានប្រាក់ខែអ្វីឡើយ ផ្ទុយទៅវិញ លោកថែមទាំងចំណាយប្រាក់ផ្ទាល់ខ្លួនមួយចំនួនទៀត ដើម្បីទិញសម្ភារៈប្រើប្រាស់ទំនើបៗជុំរុញការហ្វឹកហាត់។ យ៉ាងណាមិញ សហព័ន្ធ ក៏បានរ៉ាប់រងចំពោះការស្នាក់នៅ ហូបចុក និងសំបុត្រយន្ដហោះ នៅពេលដែលរូបលោកមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា។
មិនត្រឹមតែមកជួយអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ប៉ុណ្ណោះ Keisuke Honda ក៏បានជួយដល់កម្ពុជា ទៅលើការផ្សព្វផ្សាយឱ្យពិភពលោក កាន់តែស្គាល់ច្បាស់ថែមទៀត ថាកម្ពុជា ជាប្រទេសស្រស់ស្អាត និងសំបូរដោយកន្លែងទេសចរណ៍នានាផងដែរ។
ខាងក្រោមនេះ ជាកំណត់ត្រា លោក Keisuke Honda ក្នុងក្រុមជម្រើសជាតិកម្ពុជា ឈុតធំ៖
-ថ្មីៗនេះ កំណត់ត្រាជិតពីរទស្សវត្សត្រូវបានបំបែក ដោយយកឈ្នះ ហ្វីលីពីន ជាលើកដំបូង ក្នុងលទ្ធផល ៣-២ ជំនួបបើកឆាកពូល A ពានរង្វាន់ AFF Championship 2022។
-កម្ពុជា រកបាន ៦ ពិន្ទុជាលើកដំបូង នៅពាន AFF Championship៖
ចាប់តាំងពីចូលរួមប្រកួតក្នុងពានរង្វាន់នេះ នៅឆ្នាំ ១៩៩៦ មក នៅពេលដែលបានឡើងដល់វគ្គចែកពូល កម្ពុជា មិនដែលរកបានលើសពី ៣ ពិន្ទុឡើយ ពោលគឺរកបានត្រឹម ៣ ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម នៃការបង្ហាញខ្លួនចំនួន ៨ លើក កន្លងមក។
-រកគ្រាប់បាល់បានច្រើនគ្រាប់ជាលើកដំបូងនៅពាន AFF Championship៖
នេះជាលើកដំបូងហើយដែលកម្ពុជា អាចរកគ្រាប់បាល់បានច្រើន ពោលគឺរកបាន ១០ គ្រាប់ ក្នុងចំណោម ៤ ប្រកួត ខណៈ ៨ លើកកន្លងមក តែងតែរកគ្រាប់បាល់បានច្រើនបំផុតបាន ៦ គ្រាប់។
-រកគ្រាប់បាល់ចំណេញជាលើកដំបូងនៅពាន AFF Championship៖
បើរាប់ចាប់តាំងពីឆ្នាំ ១៩៩៦ មក កម្ពុជា មិនដែលប្រកួតចប់វគ្គជម្រុះក្នុងពូល ដោយបន្សល់ទុកគ្រាប់បាល់ចំណេញឡើយ ពោលគឺតែងតែត្រូវបានដកគ្រាប់បាល់ ទាំង ៨ លើក។
-ឈរនៅចំណាត់ថ្នាក់លេខ ៣ ជាលើកដំបូងនៅពាន AFF Championship៖
ដូចគ្នាផងដែរ ក្នុងចំណោម ៨ លើកកន្លងមក កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ល្អបំផុតត្រឹមលេខ ៤ ពោលគឺមិនដែលបានលើសពីលេខ ៣ ឡើយ។
តាមរយៈវីដេអូដែលផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានផ្តាំផ្ញើរកូនក្រុមឈុតធំចុងក្រោយ បន្ទាប់ពីចប់ភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup ឆ្នាំ២០២២ ថា៖«ខ្ញុំសង្ឃឹមថានឹងអាចឃើញកម្ពុជាលេង World Cup មុនពេលខ្ញុំស្លាប់»។
យ៉ាងណាមិញលោក Keisuke Honda នឹងបន្តភារ:កិច្ចរបស់ខ្លួនក្នុងបេសកកម្មចុងក្រោយ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា “អាយុក្រោម ២២ឆ្នាំ” ដែលគ្រោងនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅក្នុងខែកុម្ភះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SEA Games នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕
សូមបញ្ចេញមតិនៅទីនេះ