ព្រហស្បតិ៍ , 05 មករា 2023
ដើមឆ្នាំ២០២៣ សេង សុខឃីម សម្រេចប្តូរឈ្មោះថ្មីក្រោយជួបរឿងមិនល្អផ្ទួនៗ
កម្សាន្ត៖ តារាសម្តែង សេង សុខឃីម បានប្រកាសប្តូរឈ្មោះជាសាធារណៈពី សេង សុខឃីម ទៅជាឈ្មោះ សុខ ទីយ៉ា វិញ ខណៈរូបនាងបានឱ្យដឹងថាការសម្រេច ចិត្តប្តូរឈ្មោះថ្មីនេះ ដោយសារតែមានរឿងមិនល្អកើតលើខ្លួនផ្ទួនៗពេក។
ដូចមហាជនជ្រាបមកហើយថាតារាស្រី សេង សុខឃីម ហាក់មានយីអ៊ុនដាក់ខ្លាំង ណាស់ក្នុងឆ្នាំ២០២២ ស្នេហាដែលខំពុះពារគ្រប់យ៉ាង ជាមួយតារាចម្រៀង នាយចឺម ក៏ប្រេះឆា ហើយត្រូវមកមានជម្លោះ ជាមួយតារាចម្រៀង មាស នីតា ឈានដល់ប្រព័ន្ធផ្លួវច្បាប់ទៀត និយាយរួមតារាសម្តែងរូបនេះហាក់ជួប រឿងមិនល្អតែម្តង។
យ៉ាងណាមិញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្រាប់តែ សេង សុខឃីម បានប្រកាស នៅលើបណ្តាញសង្គមហ្វេកប៊ុកប្រាប់មហាជនថាខ្លួនប្តូរឈ្មោះថ្មី។ អតីតសង្សារនាយចឺម បានរៀបរាប់យ៉ាង ដូច្នេះថា «នាងខ្ញុំសុំប្រកាសជាផ្លូវការថា នាងខ្ញុំដូរឈ្មោះពី សេង សុខឃីម មកឈ្មោះ សុខ ទីយ៉ា វិញ ចឹងសុំពុកម៉ែបងប្អូននិង fan នាងខ្ញុំទាំងអស់គ្នា បើសិនជួបខ្ញុំនៅខាងក្រៅ ហៅនាងខ្ញុំ យ៉ា ព្រោះឈ្មោះចាស់វាមិនល្អ សុំអរគុណបងប្អូនទាំងអស់គ្នា»។
ឆ្លើយតបមកកាន់ Lee News តាមតេលេក្រាមអ្នក សេង សុខឃីម ដែលទើបប្តូរ ឈ្មោះមក ទីយ៉ា បានឱ្យដឹងថា ការសម្រេចចិត្តប្តូរឈ្មោះថ្មីនេះ ដោយសារមាន បញ្ហាតិចតួចដូចមហាជនដឹងស្រាប់ហើយ ក្នុងឆ្នាំចាស់នាង ជួបអ្វីខ្លះ។
បន្ថែមពីនេះ អ្នកនាង សុខ ទីយ៉ា បានដឹងទៀតថាមិនត្រឹមតែជួបរឿងមិនល្អទេ នាងក៏ឈឺញឹកញាប់បណ្តោងសេរ៉ូមរហូតទើបសម្រេចដាក់ឈ្មោះ ទីយ៉ា តែម្តង។ តារាស្រីសាច់សខ្ចីរូបនេះបានឱ្យដឹងទៀតថា ការពិតឈ្មោះ យ៉ា នេះជាឈ្មោះក្រៅគេហៅនាងយូរមកហើយ ដោយមានឈ្មោះកំណើត សុខឃីម។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែ សេង សុខឃីម សម្រេចប្តូរឈ្មោះមកជា សុខ ទីយ៉ា ដោយសារឈឺច្រើន ជួបរឿងមិនល្អនោះ ជាក់ស្តែងដូចជាតារាចម្រៀង យក់ ថិតរដ្ឋា ក៏បានប្រកាសជាសាធារណៈប្តូរឈ្មោះក្រៅពី ស្រស់ ទៅ អានីន វិញ បន្ទាប់ជួបរឿងស៊យមិនចេះចប់៕
សូមបញ្ចេញមតិនៅទីនេះ