ព្រោះចង់លើកដំកើនខ្សែដៀវ ឆឹម សក្កដា សម្រេចរំលេចឧបករណ៍នេះក្នុងបទចម្រៀងថ្មីកំពុងផ្ទុះការចាប់អារម្មណ៍
កម្សាន្ត៖ ចុងឆ្នាំ២០២២ លោក ឆឹម សក្កដា បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ ពីបានទម្លាក់បទថ្មីជាចង្វាក់ញាក់ដោយបានរំលេចជាមួយឧបករណ៍បុរាណខ្មែរ ខ្សែដៀវ ខណៈតារាប្រុសរូបនេះបានលើកឡើងថាក្នុងឆ្នាំ២០២៣ លោកនឹងផ្តោត លើអាជីពចម្រៀងខ្លាំងព្រមទាំងត្រៀមចេញបទចម្រៀងញាក់ជាច្រើនបទ នឹងរយាលពីការសម្តែងព្រោះលោកក៏នឿយពីការសម្តែងមក១០ឆ្នាំហើយដែរ ប៉ុន្តែលោកក៏មិនបោះបង់អាជីពសម្តែងដូចគ្នា គ្រាន់តែឆ្នាំថ្មីលោកសម្រុកលើការងារចម្រៀងខ្លាំងជាង។
តារាចម្រៀង និងសម្តែងលោក ឆឹម សក្កដា ជាតារាប្រុសមួយរូបសាងប្រជាប្រិយភាព លើអាជីពសិល្បៈគួរឱ្យកត់សម្គាល់ព្រមដោយបានសម្តែងទាំងតួអង្គឯក និងតួអង្គសំខាន់ លើខ្សែភាពយន្តជាច្រើន។
ទោះយ៉ាងណា ចុងឆ្នាំ២០២២ លោក ឆឹម សក្កដា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោកបានទម្លាក់បទថ្មីជាចង្វាក់ញាក់មានចំណងជើងថា «Dance with it» ជាពិសេសលោកបានយកឧបករណ៍ខ្មែរខ្សែដៀវមករំលេចក្នុងបទចម្រៀងនេះ ដែលកម្រនឹងមានបទញាក់ណាយកខ្សែដៀវមកធ្វើភ្លេងឡើយ។
ជាមួយគ្នានេះ លោក ឆឹម សក្កដា បានផ្តល់បទសម្ភាសន៍ជាមួយ Lee News តាមតេលេក្រាមបានឱ្យដឹងថា មូលហេតុដែលលោកសម្រេចចិត្តយកឧបករណ៍ខ្សែដៀវ មករំលេចក្នុងបទថ្មីនេះ ព្រោះចង់លើកដំកើងឧបករណ៍ខ្មែរមួយនេះឱ្យបានទូលំទូលាយ ដោយយុវវ័យបច្ចុប្បន្នចូលចិត្តស្តាប់បទចម្រៀងញាក់ និងរ៉េប ច្រើនទើបលោកសម្រេចយកឧបករណ៍ខ្មែរមួយនេះមក Mix បញ្ចួលជាមួយឧបករណ៍សម័យ។
លោក ឆឹម សក្កដា បានឱ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២៣ លោកនឹងត្រៀមចេញបទចម្រៀងទាំងញាក់ និងមនោសញ្ចេតនា ជាពិសេសការចេញបទញាក់តែម្តង ដោយលោកផ្តោតលើអាជីពចម្រៀងខ្លាំងជាងសម្តែង ពោលពេលនេះលោកទទួលថតតែរឿង «អប្សរាមហាអង្គរ» របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ។
តារាចម្រៀង និងសម្តែង ខាងលើបានប្រលូកលើអាជីពសម្តែងអស់រយៈ១០ឆ្នាំមកហើយ ណាមួយការសម្តែងកុនក៏មានការនឿយហត់ពេលទទួលសម្តែងមិនបានចេញតាមកម្មវិធីច្រៀង ដូចនេះទើបសម្រាប់ឆ្នាំថ្មីលោកក៏ផ្តោតលើអាជីពចម្រៀងខ្លាំងជាង ប៉ុន្តែក៏មិនបោះបង់អាជីពសម្តែងនោះទេ៕
សូមបញ្ចេញមតិនៅទីនេះ