LEONARDO គាំទ្របុរសម្នាក់នេះ ធ្វើគ្រូបង្វឹកជម្រើសជាតិ
(បាល់ទាត់)៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក LEONARDO VITORINO បានបង្ហាញការគាំទ្រ លោក ភា សុភ័ក្រ្តា ឲ្យធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ឈុតធំ។
ការលើកឡើងខាងលើនេះ បានកើតឡើងបន្ទាប់ពីលោក ហុងដា ផុតកុងត្រាជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយលោកនៅសល់ភារកិច្ចមួយទៀតជាមួយក្រុមជម្រើសជាតិ ពោលគឺដឹកនាំក្រុមយុវជនអាយុក្រោម២២ឆ្នាំ ដែលនឹងត្រូវត្រៀមខ្លួនចូលរួមលេងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។
ជុំវិញរឿងកៅអីគ្រូបង្វឹកក្នុងក្រុមជម្រើសជាតិឈុតធំនេះ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា អំឡុងឆ្នាំ ២០១៧ លោក LEONARDO VITORINO បានបង្ហោះរូបលោក ភា សុភ័ក្រ្តា Page ផ្លូវការរបស់លោក អមជាមួយសំណេរថា៖« ការបោះឆ្នោតរបស់ខ្ញុំទៅកាន់គ្រូបង្វឹកក្រុមជម្រើសជាតិ! គាត់ជាគ្រូបង្វឹកក្នុងស្រុក ដែលរៀនបានច្រើន មិនពាក់ព័ន្ធរឿងអាក្រក់ៗ, គាត់ស្មោះត្រង់ , លទ្ធផលល្អពេលគាត់នៅក្លឹប ហើយតាមការយល់ឃើញរបស់ខ្ញុំ គាត់គឺជាគ្រូបង្វឹកកម្ពុជាដ៏ល្អបំផុត»។
លោកបានបន្តថា ៖ « គាត់ខិតខំធ្វើការ ហើយមិននៅក្នុងបណ្ដាញសង្គម និយាយអំពីគ្រូបង្វឹកដទៃទៀតនោះទេ។ គាត់គឺជាបុរសដ៏ស្មោះត្រង់ ចំពោះការងារ! បំណងប្រាថ្នារបស់ខ្ញុំ ទៅកាន់គាត់ ខ្ញុំនឹងតាមដាន និងគាំទ្រជានិច្ច! »។
យ៉ាងណាគេនៅចាំបានថា លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាករបាល់ទាត់កម្ពុជាធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា « តាមពិតទៅយើងធ្វើកុងត្រាត្រឹមលោក Honda ប៉ុណ្ណោះ ដោយយើងធ្វើកុងត្រាដល់ចប់ស៊ីហ្គេមឆ្នាំ២០២៣។ ចំណែកកុងត្រារបស់លោក Ryu Hirose វិញគឺស្ថិតនៅលើលោក Honda ជាអ្នកចាត់ចែង។ មិនមែនតែគ្រូធំទេ ដែលស្ថិតក្រោមលោក Honda អ្នកចុះកុងត្រានៅមានលោកគ្រូបង្វឹកផ្សេងៗទៀត រួមទាំងក្រុមការងារមួយចំនួនទៀតក្នុងក្រុមជម្រើសជាតិ។ ដូច្នេះបើសិនដល់ពេលកំណត់ឆ្នាំ២០២៣បញ្ចប់ ហើយយើងបញ្ចប់ជាមួយ Honda មានន័យថា យើងបញ្ចប់ជាមួយគ្រូបង្វឹកដូច្នេះដែរ»៕
សូមបញ្ចេញមតិនៅទីនេះ