PNN បង្កើតសង្វៀនគុនខ្មែរទី២ប្រើយុទ្ធសាស្ត្រផ្គូផ្គងគូកម្រិតខ្ពស់រៀងរាល់សប្ដាហ៍ ដើម្បីក្រសោបប្រជាប្រិយភាពពីមហាជន
កម្មវិធីប្រកួតដ៏ថ្មីសន្លាងមួយដែលមានឈ្មោះថា “MATTRID អ្នកប្រយុទ្ធគុនខ្មែរ” នឹងដំណើរការប្រកួតរបស់ខ្លួននៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង ១១ ថ្ងៃត្រង់តទៅនៅលើសង្វៀនប្រដាល់គុនខ្មែរ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន ដែលមានការឧបត្ថម្ភជ្រោមជ្រែងយ៉ាងពេញទំហឹងដោយ ស្រាបៀរម៉ាទ្រីដ នេះជាសង្វៀនទី២ របស់ស្ថានីយមួយនេះ ដែលនឹងប្រើយុទ្ធសាស្ត្រផ្គូផ្គងគូកម្រិតខ្ពស់រៀងរាល់សប្ដាហ៍ ដើម្បីក្រសោបប្រជាប្រិយភាពពីមហាជន។
ថ្លែងក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ លោក សោម ឆៃយ៉ា អគ្គនាយករងស្ថានីយទូរទស្សន៍ PNN បានលើកឡើងថា ស្ថានីយនឹងស្វែងរកគូល្អៗ ពិសេសគូខ្លាំងកម្រិតខ្ពស់ ( A ) ដោយសហការជាមួយសហព័ន្ធ ដើម្បីយកកីឡាករល្អមកធ្វើការប្រកួតនៅទីនេះ។ ជាងនេះទៅទៀត ស្ថានីយរីករាយគាំទ្រឲ្យកីឡាករប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានការប្រកួតដ៏ជក់ចិត្ត។
ជាមួយគ្នានោះលោក ឌុក សុផល អ្នកតំណាងរបស់ក្រុមស្របៀរ MATTRID បានសម្ដែងការសប្បាយរីករាយក្នុងការចូលរួមឧបត្ថម្ភគាំទ្រ ដល់សង្វៀនប្រដាល់មួយនេះ។ លោកជឿថា ការជួយផ្នែកប្រដាល់គុនខ្មែរនេះ នឹងអាចជាចំណែកមួយជួយដល់វិស័យគុនខ្មែរឲ្យមានការរីកចម្រើន ពិសេសគឺការពង្រឹងសមត្ថភាព ដើម្បីត្រៀមសម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រៀងរាល់សប្ដាហ៍កីឡាករជើងខ្លាំងចំនួន ១០រូបនឹងបង្ហាញវត្តមានលើសង្វៀន MATTRID អ្នកប្រយុទ្ធគុនខ្មែរ ដែលមានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិចំនួន ២គូ រួម និងការប្រកួតមិត្តភាពគុនខ្មែរប៉ះគុនខ្មែរចំនួន៣គូផងដែរ។ គូររម្លឹកថា សង្វៀន MATTRID អ្នកប្រយុទ្ធគុនខ្មែរ ជាសង្វៀនទី២របស់ស្ថានីយទូរទស្សន៍ PNN ខណៈសង្វៀនទី១គឺ Ganzberg One Strike ៕
សូមបញ្ចេញមតិនៅទីនេះ