តោខៀវ Chelsea ជិតយកបាន Joao Felix ពី At Madrid ក្រោមលក្ខខណ្ឌខ្ចីជើង
ក្លិបតោខៀវ Chelsea ខិតជិតក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ Ateletico Madrid កីឡាករ Joao Felix ក្រោមលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាលនេះ។
កីឡាករវ័យ២៣ឆ្នាំ បានលេងឲ្យជម្រើសជាតិព័រទុយហ្គាល់ នៅព្រឹត្តិការណ៍ World Cup និងរកបានមួយគ្រាប់សម្រាប់ការបង្ហាញខ្លួន៥ប្រកួត។ Felix បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិប Arsenal និង Manchester United ប៉ុន្តែភាគរយខ្ពស់អាចនឹងមកចូលរួមជាមួយ Chelsea ឆាប់ៗ។
ប្រធានក្លិប Chelsea លោក Todd Boehly បានមានបំណងចង់ឲ្យអ្នកចាត់ការ Graham Potter ពង្រឹងក្រុមឡើងវិញ ក្រោយមានកីឡាកររបួសច្រើនពេក ខណៈក្រុមស្ថិតនៅលេខ១០ក្នុងតារាងពិន្ទុ Premier League។ កាលពីថ្ងៃអាទិត្យ Chelsea ទើបតែធ្លាក់ចេញពីពាន FA Cup ក្រោយចាញ់ Man City ធ្ងន់ក ៤-០។
គួររំលឹកថា ក្លិប Atletico បានធ្វើឲ្យ Felix ក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេលំដាប់ទី៥ ក្នុងប្រវត្តិសាស្រ្ដ ពេលដែលពួកគេបានចំណាយ ១១៣លានផោនទិញ ពីក្លិប Benfica កាលពីឆ្នាំ២០១៩។ ត្បិតតែល្អក្នុងឆ្នាំនោះ តែចាប់តាំងពីមកលេងនៅអេស្ប៉ាញ Felix ហាក់មិនបង្ហាញទម្រង់លេងលេចធ្លោសោះ៕
សូមបញ្ចេញមតិនៅទីនេះ