AFF Cup៖វៀតណាម ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជាលើកទី៤
ក្រុមជម្រើសជាតិវៀតណាម បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Mitsubishi Electric Cup 2022 ជាផ្លូវការ ក្រោយយកឈ្នះ ឥណ្ឌូនេស៊ី នៅក្នុងការប្រកួតដ៏ជក់ចិត្តនាកីឡដ្ឋានជាតិវៀតណាម My Dinh ដោយលទ្ធផលសរុបទាំងពីរជើង ២-០ (ជើងទី១ ០-០) កាលពីរាត្រីថ្ងៃទី៩ ខែមករា។
គិតមកត្រឹមប្រកួតនេះ អ្នកចាំទី Dang Van Lam របស់ក្រុមជម្រើសជាតិ វៀតណាម បន្តបិទមិនរបូតគ្រាប់បាល់សោះសូម្បីមួយគ្រាប់ Clean Sheet តាំងពីប្រកួតក្នុងពូលមកម៉្លេះ។
២គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិវៀតណាម ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធកណ្តាលពាក់អាវលេខ២២ កីឡាករ Nguyen Tien Linh នៅដើមវគ្គទី១ នាទី៣’ និងដើមវគ្គទី២ នាទី៤៧’។
គួរដឹងថា ការប្រកួតជើងទី១ កន្លងទៅក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានប្រកួតស្មើវៀតណាម ក្នុងលទ្ធផល ០-០ នៅកីឡដ្ឋាន Gelora Bung Karno Stadium ប្រទេសឥណ្ឌូណេស៊ី ខណ:ជើងទី២ ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន My Dinh ប្រទេសវៀតណាម ដូច្នេះសរុបទាំងពីរជើង វៀតណាមឈ្នះ ២-០។
រីឯជំនួបជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១គូទៀតរវាង ថៃ ទល់នឹង ម៉ាឡេស៊ី នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Thammasat ប្រទេសថៃ បន្ទាប់ពីជើងទី១ ម៉ាឡេស៊ី បានយកឈ្នះថៃ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី។
គួរឱ្យដឹងថា នេះជាការឡើងទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី៤ហើយរបស់ វៀតណាម ជាមួយកំណត់ត្រាលើកពានរង្វាន់នេះពីរដងនៅឆ្នាំ២០០៨ និង២០១៨។ រង់ចាំអ៊ុតមើលការប្រកួតស្អែកថាតើរវាង ម៉ាឡេស៊ី និង ថៃ ក្រុមណាមួយនឹងឡើងទៅជួប វៀតណាម៕
សូមបញ្ចេញមតិនៅទីនេះ