លោក ធន់ សុភា ៖ ការបញ្ជូនកីឡាករទៅប្រកួតក្រៅស្រុក ជាឱកាសជួយផ្សព្វផ្សាយគុនខ្មែរ ឲ្យកាន់តែល្បី
លោក ធន់ សុភា គ្រូបង្វឹកប្រដាល់ក្លិបកងយោធពលខេមរភូមិន្ទ មើលឃើញថា ការបញ្ជូនកីឡាករចេញប្រកួតក្រៅស្រុក ជាឱកាសជួយផ្សព្វផ្សាយគុនខ្មែរ អោយកាន់តែល្បី ។
ថ្លែងមកកាន់ Lee News លោក ធន់ សុភា បានលើកឡើងថា ការបញ្ជូនកីឡាករចេញទៅប្រកួតនៅក្រៅស្រុក ជាឱកាសសម្រាប់ជួយដុះខាត់ពង្រឹងសមត្ថភាពកីឡាករ ដើម្បីឲ្យពួកគេ ទទួលបានបទពិសោធថ្មី ស្វែងយល់ពីចំណុចខ្វះខាតរបស់ខ្លួន ។ គ្រូបង្វឹករូបនេះ បញ្ជាក់ថា « ពេលពួកគាត់បានប្រកួតក្រៅស្រុក នោះពួកគាត់ នឹងស្គាល់ថា ការប្រកួតក្នុងស្រុកបែបម៉េច ក្រៅស្រុកគេប្រកួតបែបណា នោះពួកគាត់ នឹងកាន់តែល្អ »។
ដើម្បីឲ្យសិស្សទទួលបានបទពិសោធថ្មី គ្រូបង្វឹកខាងលើ បានបញ្ជូនកីឡាករមួយចំនួន ដែលមិនធ្លាប់មានបទពិសោធការប្រកួតក្រៅស្រុក ពោលគឺធ្លាប់តែមានមុខនៅសង្វៀនក្នុងស្រុក ដើម្បីឲ្យពួកគេបានស្គាល់ពីការប្រកួតសង្វៀនក្រៅស្រុក ដែលកីឡាករទាំងនោះមានដូចជា កីឡាករខ្លួនតូច ចិត្តសឿង ធន់ វិស្នុរ, ព្រឿង សុចឺត និង ធន់ អៀង ឡេង។
លោក ធន់ សុភា លើកឡើងទៀតថា ការនាំកីឡាករគុនខ្មែរ ទៅប្រកួតនៅក្រៅស្រុកបែបនេះ វានឹងជួយផ្សព្វផ្សាយគុនខ្មែរឲ្យប្រទេសផ្សេងបានស្គាល់ « ព្រោះបើយើងប្រកួតតែនៅក្នុងស្រុក យើងលើកតែទង់ជាតិយើងនៅក្នុងស្រុក ចឹងមិនងាយជោគជ័យនោះទេ ក៏ប៉ុន្តែឃើញមួយរយៈចុងក្រោយនេះ គុនខ្មែរយើងបានបង្ហាញវត្តមាននៅលើឆាកអន្តរជាតិរហូត ជាពិសេសគឺប្រទេសថៃ ។ បើទោះបីគុនខ្មែរយើងចាញ់ ក៏ចាញ់ល្អមើល តែគុនខ្មែរយើងប្រកួតឈ្នះ នោះគុនខ្មែរយើង នឹងកាន់តែល្បី ហើយគេ នឹងស្គាល់គុនខ្មែរកាន់តែច្រើន »។
សូមជម្រាបជូនថា លោកគ្រូ ធន់ សុភា បានបញ្ជូនកីឡាករទៅប្រកួតនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្នុងកម្មវិធីប្រដាល LWC Super Champ នៅសង្វៀន លុម្ភីនី មានដូចជា ព្រឿង សុចឺត , ធន់ វិស្ណុ , និង ធន់ អៀងឡេង ៕
សូមបញ្ចេញមតិនៅទីនេះ