សុក្រ , 13 មករា 2023
សូត្រ ប៊ុនធី នឹងអាចបាត់មុខពីសង្វៀនមួយឆ្នាំ ព្រោះបញ្ហានេះ…
អ្នកប្រដាល់គុនខ្មែររហស្សនាមលោកមេទ័ព សូត្រ ប៊ុនធី អាចនឹងអនុវត្តមានពីសង្វៀនគុនខ្មែរចំនួន១ឆ្នាំ ដោយសារបញ្ហារបួសដៃ។
ប្រាប់មកកាន់ Lee News កាលពីពេលថ្មីៗនេះ សូត្រ ប៊ុនធី បានឲ្យដឹងថា បញ្ហារបួសដៃមិនទាន់ជាស្រួលបួល ត្រូវសម្រាកព្យាបាលមួយរយៈសិន អាចប្រហែលជិតឆ្នាំ២០២៤ ទើបអាចចូលសង្វៀនឡើងវិញ ព្រោះនៅថែរក្សាខ្លួនឲ្យបានល្អមួយរយៈសិន។ លោកមេទ័ព បានលើកឡើងទៀតថា ការជួបបញ្ហារបួសដៃបែបនេះ ពិតជាលំបាក និងខាតបង់ថវិកាច្រើនណាស់ ព្រោះត្រូវរកប្រាក់ដើម្បីព្យាបាលរបួសទៀត ។
អ្នកស្នងគុនខ្មែររូបនេះ បាននិយាយយ៉ាងដូច្នេះថា «…ប្រសិនបើខ្ញុំឡើងវ៉ៃ នៅតែវ៉ៃបានហ្នឹងរបួសនេះនោះ។ តែខ្ញុំអត់វ៉ៃព្រោះនៅមើលខ្លួន ។ តាមពិតមួយរយៈមុនហ្នឹងជាដៃហ្នឹងហើយ ហើយត្រូវវ៉ៃអាទិត្យក្រោយ តែដោយសាររបួសពេលឡាំទៅចំសសៃដៃចឹងវាហើម ទើបឡូងសម្រេចចិត្តសម្រាកសិនទៅ »។
កីឡាករដដែលក៏បានលើកឡើងពីការបាត់បង់លោកឪពុក ដែលបានចែកឋានផងដែរថា បន្ទាប់ពីបាត់វត្តមានរបស់លោកឱពុក ខ្លួនរាងពិបាកជាងមុន ព្រោះមានបន្ទុកជាច្រើនដែលត្រូវរ៉ាបរង ក្នុងនាមជាមេគ្រួសារជំនួសការងារ ដែលឪពុកខ្លួនធ្លាប់ធ្វើកន្លងមក ។ លោកមេទ័ព សូត្រ ប៊ុនធី សង្កត់ធ្ងន់បែបនេះថា « ពីមុនពេលមានឪពុកនៅ យើងរាងស្រួលតិច ឥឡូវពេលអត់គាត់ រាងរវល់ការងារច្រើន ។ ព្រោះរាល់ថ្ងៃយើងត្រូវដើតួជាឪពុកផង គ្រូផង ប្រធានក្លិបផង ហើយត្រូវឡើងវ៉ៃខ្លួនឯងទៀត ។ បើទោះបីពេលនេះ គ្មានលោកឪពុក តែខ្ញុំនឹងខំប្រឹងឲ្យកាន់តែខ្លាំងជាងមុនទៅទៀត ដើម្បីសាងកេរ្តិ៍ឈ្មោះឡើងវិញ ។ មួយរយៈចុងក្រោយនេះ ខ្ញុំឃើញប្អូនៗ គាត់មានការហ្វឹកហាត់ក៏ខ្លាំងជាងមុន ក្បាច់គាត់វ៉ៃខុសពីមុន ហើយសាហាវជាងមុនទៀត ទាំងការទាត់ ការវ៉ៃគាត់ចិត្តសឿងជាងមុន»
ជាមួយគ្នានោះកូនប្រច្បងក្នុងត្រកូល សូត្រ បានបង្ហើបទៀតថា មួយរយៈចុងក្រោយនេះដោយសារឃើញកីឡាករនៅក្លិបផ្សេងៗ គេចេញប្រកួតក្រៅស្រុកច្រើន ។ ដូច្នេះប្រសិនបើអាចខ្លួនក៏ចង់ឲ្យប្អូនៗ និងសិស្សក្នុងក្លិប ចេញប្រកួតក្រៅស្រុក ដើម្បីទទួលបានបទពិសោធថ្មីផងដែរ ៕
សូមបញ្ចេញមតិនៅទីនេះ