គ្រូបង្វឹកវៀតណាម ឆ្លើយតបនឹងសារព័ត៌មានកូរ៉េថា “វៀតណាម ក៏មានកីឡាករក្នុងកម្រិតដូចគ្នានឹង Theerathon ដែរ”
គ្រូបង្វឹកក្រុមជម្រើសជាតិ វៀតណាម លោក Park Hang-Seo បានឆ្លើយពីការងឿងឆ្ងល់អំពីគុណភាពកីឡាករក្នុងទឹកដីកំណើតរបស់លោកថា ក្រុមរបស់លោក ក៏មានកីឡាករក្នុងកម្រិតដូចគ្នា ជាមួយ Thirathorn Bunmathan ដែរ។
លោក Park Hang-Seo ជឿជាក់ថា ក្រុមរបស់លោកនៅតែមានស្ថានភាពល្អក្នុងការឈ្នះពានរង្វាន់បាល់ទាត់អាស៊ាន AFF Mitsubishi Electric Cup 2022 បើទោះបីក្រុមម្ចាស់ផ្ទះស្មើ ២-២ នៅកីឡដ្ឋាន Mee Dinh ក្នុងការប្រកួតដំបូងនៃវគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមជម្រើសជាតិថៃ ក៏ដោយ។
ក្នុងការប្រកួតនេះ វៀតណាម បាននាំមុខមុន ដោយកីឡាករ Nguyen Thien Linh នៅនាទី ២៤ប៉ុន្តែតង់ទីពីរ ដំរីសរកបាន ២ គ្រាប់ជាប់ៗគ្នា ដោយកីឡាករ Poramet Atwilai នាទី ៤៩ និង Sarat Yuyen នាទី ៦៤ មុនពេល Wan Thanh តាមស្មើនៅនាទី ៨៨ ។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង និយាយក្រោយការប្រកួតថា៖«ជាក់ស្តែង នេះមិនមែនជាលទ្ធផលដែលយើងចង់បាននោះទេ។ ប៉ុន្តែយើងនៅតែដឹងថា មានច្បាប់ប្រកួតក្រៅដី យើងមិនបោះបង់ទេ យើងនឹងព្យាយាមដណ្តើមជើងឯកនៅប្រទេសថៃ»។
លោកបន្តថា“សម្រាប់ខ្ញុំ នេះគឺជាការប្រកួតចុងក្រោយរបស់ខ្ញុំក្នុងនាមជាគ្រូបង្វឹកនៅក្នុងដី។ ខ្ញុំចង់ឈ្នះការប្រកួតនេះ ទុកជាកាដូដ៏រីករាយសម្រាប់អ្នកគាំទ្រ តែខ្ញុំសុំទោស ដែលខ្ញុំមិនអាច ។ អរគុណកីឡាករ ដែលមិនបោះបង់ និងធ្វើការរហូតដល់វិនាទីចុងក្រោយ»។
អ្នកសារព័ត៌មានកូរ៉េខាងត្បូង គូសបញ្ជាក់ថា ពីរគ្រាប់របស់ថៃ បានមកពី Teerathon ដែលបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ២ គ្រាប់។ គាត់ជាកីឡាករកម្រិតខ្ពស់ម្នាក់ ដែលធ្លាប់លេងនៅប្រទេសជប៉ុន។ ប្រសិនបើបាល់ទាត់វៀតណាម ចង់អភិវឌ្ឍ វានឹងត្រូវការកីឡាករបន្ថែមទៀត ដើម្បីលេងក្នុងលីគខ្ពស់ជាង។
ជុំវិញការលើកឡើងនេះ លោក Hang Seo បានឆ្លើយថា៖«ខ្ញុំពិតជាមិនចូលចិត្តវាយតម្លៃកីឡាកររបស់គូប្រកួតរបស់ខ្ញុំទេ។ Theerathon ជាកីឡាករល្អ។ ប៉ុន្តែវៀតណាម ក៏មានកីឡាករក្នុងកម្រិតរបស់គាត់ដែរ»។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup ជើងទី២ រវាងថៃ និងវៀតណាម នឹងប្រកួតនៅថ្ងៃទី១៦ ខែមករា វេលាម៉ោង ៧:៣០នាទីយប់។ នៅកីឡដ្ឋាន Thammasat University ទីក្រុង Rangsit៕
សូមបញ្ចេញមតិនៅទីនេះ