រឿង សោភ័ណ្ឌ ថាសប្ដាហ៍នេះ នឹងបង្ហាញឲ្យអស់សមត្ថភាពពិសេសធ្វើឲ្យជក់ចិត្ត
អ្នកលេងកណ្ដាប់ដៃភ្លើង-ជើងរន្ទះ រឿង សោភ័ណ្ឌ នឹងប៉ះកីឡាករថៃ ហ្វាប្រាចាក់ នៅសង្វៀន គ្រុឌគុនខ្មែរ របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ស្អែកនេះចាប់ពីម៉ោង៦ល្ងាចតទៅ។
កីឡាករជម្រើសជាតិ Kick Boxing កម្ពុជាខាងលើបានឲ្យដឹងថា «រៀងរាល់ការប្រកួតខ្ញុំតែងប្រឹងប្រែងឲ្យអស់លទ្ធភាពដែលមាន ទោះលទ្ធផលចាញ់-ឈ្នះយ៉ាងណាក៏ដោយ។ ខ្ញុំជឿថា ការប្រកួតនឹងជក់ចិត្ត»។
ក្រោយពេលកីឡាករខាងលើបានចូលខ្លួនហ្វឹកហាត់ក្នុងជំរុំជម្រើសជាតិ គេមើលឃើញថា ខ្លួនហាក់មានសមត្ថភាពកើនឡើងជាងមុន ពិសេសគឺកម្លាំងស៊ូស។ យ៉ាងណាគេក៏មិនទាន់បានដឹងពីកម្រិតសមត្ថភាពដៃគូថៃច្បាស់ដែរ ប៉ុន្តែប្ដេជ្ញាថា ប្រកួតឲ្យជំនួបនេះជក់ចិត្ត។
គួររម្លឹកថា របួសប្រអប់ដៃរបស់ រឿង សោភ័ណ្ឌ គឺបានជាសះស្បើយហើយ ហើយពេលនេះគេបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីអង្រួនសង្វៀន ទទក ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្ររបស់ខ្លួន៕
សូមបញ្ចេញមតិនៅទីនេះ