ខាំ ខ្លានាង ថា នឹងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្ត បើមានឱកាសសុំផ្ដាច់ថៃហើយ
កីឡាករមកពីខេត្តស្វាយរៀង ខាំ ខ្លានាង នឹងត្រូវជួបតតាំងជាអ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ កុសាក់កនណយ ក្នុងកម្មវិធីប្រដាល់ដណ្តើមប្រាក់លានខារ៉ាបាវនាសង្វៀន CNC នាថ្ងៃសៅរ៍ ទី១៤ខែមករា ឆ្នាំ២០២៣ស្អែកនេះ ។
ប្រាប់មកកាន់ Lee News ខាំ ខ្លានាង បានបង្ហាញកាតាំងចិត្តខ្ពស់ ដោយមិនមានការព្រួយបារម្ភអ្វីនោះទេ នឹងបានបញ្ជាក់ថា បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតមួយនេះ។ អ្នកប្រដាល់ទម្ងន់ស្រាលរូបនេះបានឲ្យដឹងថា « សម្រាប់ខ្ញុំបានត្រៀមខ្លួនរួចរាល់អស់ហើយ ដោយបានហ្វឹកហាត់មុនមួយសប្តាហ៍បើទោះបីជាមេឃភ្លៀងក៏ពិតមែន ។ ការប្រកួតលើកនេះ ខ្ញុំអត់ដឹងថា ជួបអ្នកណាទេ ព្រោះអត់ដែលតាមដានគេផង ។ ចំពោះយុទ្ធសាស្ត្រការប៉ះកីឡាករដែលមិនធ្លាប់ស្គាល់គ្នា ខ្ញុំគិតថា ដំបូងយើងស្ទាបស្ទង់គេសិន ព្រោះកីឡាករថ្មីបែបហ្នឹង គេអាចឲ្យយើងពិបាកទប់ដែរ»។
«បើទោះបីជួបអ្នកថ្មីក៏ដោយ អ្នកចាស់ក៏ដោយ សំខាន់យើងត្រូវការពារប្រយ័ត្នខ្លួនឯង »។ នេះជាសម្ដីបញ្ជាក់របស់ ខាំ ខ្លានាង ។ កីឡាករខ្លួនតូចល្អក្បាច់រូបនេះ លើកឡើងទៀតថា ភាគច្រើនកីឡាករថៃដែលគេធ្លាប់ជួប ជាកីឡាករប្រើក្បាច់វ៉ៃមួយៗ និងធ្ងន់ទាត់ ដូច្នេះប្រសិនបើការស្ទាបស្ទង់រកចំណុចខ្សោយឃើញ ដៃគូរាងទន់ខ្សោយបន្តិច រូបគេនឹងសម្រុកផ្តាច់នៅទឹកណាមួយ ។
ជាមួយគ្នានោះ ខាំ ខ្លានាង បានប្តេជ្ញាចិត្តធ្វើឲ្យបានល្អ ដណ្តើមប្រាក់លានត្រឡប់ទៅផ្ទះ មិនធ្វើអ្នកគាំទ្រខកបំណងឡើយ៕
សូមបញ្ចេញមតិនៅទីនេះ