ធន់ សាក់ស៊ីន ថា ប៉ះថៃសប្ដាហ៍នេះមានក្ដីបារម្ភពីរចំណុចធំៗ
អ្នកប្រដាល់របស់ក្លិបកងយោធពលខេមរភូមិន្ទ ធន់ សាក់ស៊ីន នឹងត្រូវអ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ យុតម៉ាងកន នាថ្ងៃអាទិត្យទី១៥ខែមករា សប្តាហ៍នេះ ក្នុងកម្មវិធីស្រាបៀរម៉ាឌ្រីត នៅ សង្វៀន ទូរទស្សន៍ Bayon ។
ប្រាប់មកកាន់ Lee News ពីកន្លែងហ្វឹកហាត់ក្នុងពហុកីឡដ្ឋានស្តាតចាស់ ធន់ សាក់ស៊ីន បានឲ្យដឹងថា ចំពោះដៃគូថៃដែលត្រូវជួបរូបគេធ្លាប់ស្គាល់ ប៉ុន្តែមិនដែលបានប៉ះគ្នាពីមុនមកទេ ។ កូនសិស្សរបស់លោកគ្រូ ធន់ សុភា លើកឡើងទៀតថា តាមការសង្កេតមើលការប្រកួតរបស់កីឡាករថៃរូបនោះ គេល្អចេញចូលលឿន ជាពិសេសការទាត់ក៏លឿនអាវុធចេញមកធ្ងន់ទៀត ដូច្នេះរូបគេមានក្តីបារម្ភ ពីចំណុចជង្គង់ និងកែង ។
ទោះជាបែបនេះកី្ត អ្នកលេងគុនខ្មែររបស់កម្ពុជារូបនេះ បានត្រៀមក្បាច់ដើម្បីទប់ទល់រួមហើយ ប៉ុន្តែរូបគេមិនបានបង្ហើបនោះទេ ព្រោះខ្លាចគូប្រកួតដឹងមុន ចាប់ក្បាច់គេបាន ដូច្នេះមានតែពេលឡើងលើសង្វៀនប៉ុណ្ណោះ ។ ធន់ សាក់ស៊ីន បញ្ជាក់ថា « ចំពោះកីឡាករថៃដែលខ្ញុំចង់ជួប វ៉ៃបែបមិចក៏បាន ក្បាច់ក៏បានបុកក៏បាន តែភាគច្រើនខ្ញុំចង់ជួបកីឡាករបុកច្រើនជាង ព្រោះបុកដូចគ្នាទើបល្អមើល » ។
បើបានជួបកីឡាករបុក សាក់ស៊ីន ថា « យើងឈរវ៉ៃមួយៗ យើងអត់ត្រូវថយពេកទេ ព្រោះគេដើរចូលមក ដើម្បីឲ្យយើងវ៉ៃហើយ ។ មិនមែនគេបុកយើងបុកដែរទេ គឺយើងប្តូរយុទ្ធសាស្ត្រវិញ បើគេថយយើងបុក បើគេបុកយើងឈរវ៉ៃមួយៗវិញ » ។ ចំពោះការប្រកួតលើកនេះ កូនសិស្សរបស់លោកគ្រូធន់ សុភា បានបង្ហាញការតាំងចិត្តត្រឹម ហាសិបៗ ព្រោះការប្រកួតនៅលើសង្វៀនមិនអាចដឹងមុននោះឡើយ។
សូមជម្រាបជូនថា អ្នកប្រដាល់របស់កម្ពុជា ធន់ សាក់ស៊ីន នឹងត្រូវ ប៉ះកីឡាករថៃ យុតម៉ាងកន ប្រកួត៥ទឹកក្នុង១ទឹក៣នាទី លក្ខណៈគុនខ្មែរ ចាប់ពីវេលាម៉ោង ១២ថ្ងៃត្រង់តទៅ នៅសង្វៀនបាយ័នស្ទឹងមានជ័យ៕
សូមបញ្ចេញមតិនៅទីនេះ