ធឿន ធារ៉ា ថាតាំងពីឈ្នះខ្សែក្រវាត់ ថៃហ្វៃ មកស្ងាត់ដំណឹងឈឹងគ្មានការទាក់ទងសោះ
ម្ចាស់ខ្សែក្រវាត់ ថៃហ្វៃ ថ្មោងថ្មី ធឿន ធារ៉ា បានបង្ហើបថា តាំងពីឈ្នះខ្សែក្រវាត់នោះពីការដណ្ដើមជាមួយកីឡាករថៃ សៃយុគ មកខាង ថៃហ្វៃ ស្ងាត់ឈឹងគ្មានដំណឹងអ្វីសោះ។
ប្រិយមិត្តពិតជាបានដឹងហើយថា ក្រោយពេលកីឡាករកម្ពុជាឈ្នះខ្សែក្រវាត់នោះភ្លាម មានព័ត៌មានចេះ ព័ត៌មានចុះ ពិសេសប្រម៉ូតទ័រ បាង កាយ៉ាក បាននិយាយពេញៗមាត់ថា ខាងថៃហ្វៃ ចង់ចុះកុងត្រាយក ធឿន ធារ៉ា ។ យ៉ាងណាក្រោយមកក៏មានបញ្ហាខ្លះៗ រឿង ប្រមូតទ័រ រូបនេះត្រូវបានគេមិនលើកមកនិយាយក្រោយពេលជោគជ័យនៅលើឆាកអន្តរជាតិ។
ព្រោះរឿងរ៉ាវខាងលើនេះហើយលោកក៏បានប្រកាសឈប់ទាក់ទងរឿង នាំកីឡាករទៅវាយនៅថៃហ្វៃ។ យ៉ាងណារហូតមកដល់ពេលថ្មីៗនេះ ធឿន ធារ៉ា បានប្រាប់មកកាន់ Lee News ថា ស្ងាត់ដំណឹងឈឹង ពោលគ្មានអ្វីទាំងអស់។ កីឡាករកម្ពុជាក៏មិនដឹងថា ខាង ថៃហ្វៃ គេនឹងផ្ដល់ឱកាសឲ្យ ធារ៉ា បានប្រកួតទៀតដែរឬយ៉ាងណាឡើយ។
ងាកមកកាន់ការប្រកួតកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថ្មីៗនេះប៉ះ កងថៃលែន កីឡាករមកពីខេត្តព្រៃវែងមើលឃើញថា ថៃរូបនេះជាកីឡាករល្អក្បាច់គ្រប់ចំណុច។ ជាមួយគ្នានោះគេយល់ថា ហាក់មានប្រជាប្រិយភាពជាងមុន ពិសេសការប្រកួតមួយរយៈពេលនេះប៉ះសុទ្ធតែថៃល្អៗ។ យ៉ាងណា ធារ៉ា រំពឹងថា នឹងប៉ះថៃលំដាប់ៗបែបនេះរហូតតទៅ ដើម្បីកសាងកេរ្តិ៍ឈ្មោះ៕
សូមបញ្ចេញមតិនៅទីនេះ