មង្ឃុនភិត ជាកីឡាកថៃទី១ ដែលបន្សល់ស្នាមលើថ្ងាស ឡុង បេនលឿនជាង១០ថ្នេរ
កីឡាករថៃ មង្ឃុនភិត ស៊ីតសារ៉ាវ៉ាត់ បើទោះបីជាប្រកួតចាញ់ ឡុង បេនលឿន ដោយពិន្ទុកាលពីចុងសប្តាហ៍កន្លងទៅ នៅសង្វៀន PNN ក៏ពិតមែន តែបានបន្សល់ទុកស្នាមលើថ្ងាសជាង១០ថ្នេរទៅកាន់កីឡាករកម្ពុជា ។
ថ្លែងប្រាប់ Lee News ក្រោយបញ្ចប់ការប្រកួត ខ្លាខ្មៅមុខស្រស់ ឡុង បេនលឿន បានឲ្យដឹងថា «សម្រាប់ខ្ញុំគិតថាកីឡាករថៃ មង្ឃុនភិត គាត់ល្អឡាំ តែគាត់ល្អត្រឹមតែទឹកទី៣ប៉ុណ្ណោះ ។ បន្ទាប់ពីបានស្ទាបស្ទង់គ្នា ខ្ញុំយល់ថា គាត់ល្អឡាំ ល្អរឹង ហើយគាត់ល្អវ៉ៃកែង តែគាត់អន់ស៊ូស និងអន់ពោះទឹក »។
បើទោះបីជាបានយកឈ្នះកីឡាករថៃរូបនោះក៏ពិតមែន ប៉ុន្តែខ្លាខ្មៅមុខស្រស់ នៅតែគិតថា កីឡាករថៃនោះល្អ និងជាដៃគូសក្ដិសមបំផុត ដែលខ្លួនមិនធ្លាប់ជួបពីមុនមក ។ ឡុង បេនលឿន បាននិយាយថា « កីឡាករថៃនោះល្អទាំងឡាំ ល្អទាំងទាត់ កែង និយាយរួមល្អមួយកំផ្លេទាំងព្រមតែម្តង» ។ បើតាមបទពិសោធដែលធ្លាប់ប៉ះកីឡាករថៃ កន្លងមក ឡុង បេនលឿន បញ្ជាក់ថា កីឡាករថៃ មង្ឃុនភិត ជាកីឡាករដែលល្អ ជាងកីឡាករថៃ កន្លងមកដែលខ្លួនធ្លាប់ជួប ។
ជាចុងក្រោយកីឡាករខាងលើបានបន្ថែមថា ប្រសិនបើមានឱកាសជួបគ្នាលើកក្រោយទៀត កីឡាករមកពីក្លឹបប្រដាល់សាលវ័ន្តកីឡារូបនេះ សន្យាថា នឹងខំប្រឹងធ្វើឲ្យល្អ និងកក្រើកជាងលើកនេះទៅទៀត៕
សូមបញ្ចេញមតិនៅទីនេះ