ស្ដាប់សម្ដី ធន់ រិទ្ធី ការចេញវាយនៅថៃលើកនេះហាក់មិនដឹងក្បាច់របស់ដៃគូអ្វីទាំងអស់
អ្នកលេងកណ្ដាប់ដៃបេតុង ធន់ រិទ្ធី នឹងត្រូវជួបកីឡាករប្រេស៊ីល Luis Cajaiba នៅសង្វៀន LWC SuperChamp ប្រទេសថៃ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងការជួបដៃគូខាងលើកីឡាករកម្ពុជារបស់ក្លិបកងយោធពលខេមរភូមិន្ទមិនបានដឹងពីក្បាច់វាយរបស់ដៃគូ ហើយក៏មិនបានសិក្សាពីក្បាច់របស់ដៃគូដែរ។
ថ្លែងប្រាប់មកកាន់ Lee News ពីកន្លែងហ្វឹកហាត់នាពហុកីឡដ្ឋានស្តាតចាស់ អ្នកប្រដាល់ដែលមានបទពិសោធប្រកួតក្រៅស្រុកជោគជាំ មានដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃជាដើម បានឲ្យដឹងថា ការចេញទៅប្រកួតនៅប្រទេសថៃ នាពេលខាងមុខត្រូវប៉ះកីឡាករ ប្រេស៊ីល ។
ធន់ រិទ្ធី បញ្ជាក់ថា « ពីមុនមកខ្ញុំមិនដែលស្គាល់កីឡាករប្រេស៊ីលម្នាក់នោះទេ ទើបតែគេផ្គូផ្គង ឲ្យជួបគ្នាហ្នឹងទេ។ ចំណែកការប្រកួតរបស់កីឡាករប្រេស៊ីលហ្នឹង ក៏ខ្ញុំមិនធ្លាប់តាមដានដែរ ។ តែធ្លាប់ជួបកីឡាករ ប្រេស៊ីលផ្សេងទៀត ។ បើតាមបទពិសោធ ខ្ញុំធ្លាប់ជួបកីឡាករបរទេសកន្លងមក បើយកមកប្រៀបធៀបគ្នា ខ្ញុំគិតថា គ្មានកីឡាករមកពីណាស្រួល ឬ មកពីណាលំបាកទេបង ព្រោះគេក៏ហាត់ យើងក៏ហាត់ដូចគ្នា។ ចំពោះរឿងខ្ញុំមិនតាមដានការប្រកួតរបស់ដៃគូ ព្រោះខ្ញុំមិនចង់នាំឲ្យមានក្ដីបារម្ភច្រើន »។
អ្នកលេងកណ្តាប់ដៃមហាទម្ងន់របស់កម្ពុជា បានបន្តថា «កីឡាករស្បែកសរភាគច្រើនគេល្អដៃ ដូច្នេះយើងក៏ល្អដៃដូចគ្នា ប្រសិនបើគេវាយបែបប្ដូរ នោះខ្ញុំជឿថា ការប្រកួតនឹងកក្រើក ហើយល្អមើល ។ សម្រាប់ខ្ញុំជឿជាក់លើការត្រៀមខ្លួន របស់ខ្ញុំបាន១០០% ។ ការប្រកួតខ្ញុំនឹងបញ្ចេញឲ្យអស់ពីសមត្ថភាព ទោះចាញ់ រឺឈ្នះ ខ្ញុំសន្យាថា ធ្វើឲ្យល្អមើល »។
អ្នកប្រដាល់របស់ក្លិបកងយោធពលខេមរភូមិន្ទ ដែលជាកូនសិស្សរបស់លោក ធន់ សុភា កីឡាករធន់ រិទ្ធី កន្លងមកគេនៅចាំបានថា ក៏ធ្លាប់បានចេញទៅប្រលូកនៅសង្វៀន ថៃហ្វៃ ដែរ ដែលជាការប្រកួតក្រៅស្រុកមួយទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយកាលនោះកីឡាករកម្ពុជាបានវាយសៃយុគ តារារបស់ថៃហ្វៃ ឲ្យរាប់នៅទឹកទី១ តាមរយៈកណ្ដាប់ដៃមហាទម្ងន់របស់គេថែមទៀតផង៕
សូមបញ្ចេញមតិនៅទីនេះ