កម្ពុជាកំណត់មិនរៀបចំកីឡា Muay នៅស៊ីហ្គេម២០២៣ តែមាន គុនខ្មែរ
ក្រោយកិច្ចប្រជុំសម្រេចក្នុងការដាក់បញ្ចូលកីឡាគុនខ្មែរ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាបានសម្រេចថា មិនរៀបចំឲ្យមានប្រភេទកីឡា Muay ទេ ប៉ុន្តែនឹងរៀបចំប្រភេទកីឡាគុនខ្មែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ CAMSOC បានលើកឡើងក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Garden City ។
ក្រោយការប្រជុំសម្រេចមិនរៀបចំប្រភេទកីឡា Muay ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ប្រទេសដែលជាសមាជិកគុនខ្មែរអន្តរជាតិចំនួន ៧ បានប្រកាសថា ពួកគេគាំទ្រដល់ការសម្រេចមួយនេះ ហើយក៏យល់ព្រមបញ្ជូនកីឡាករ-កីឡាការិនីឲ្យចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលក្នុងនោះក៏មានប្រទេសថៃផងដែរ។ ក្រៅពីការប្រកាសជំហររៀបចំ កីឡាគុនខ្មែរ មិនរៀបចំកីឡា Muay ក្នុងស៊ីហ្គេមឆ្នាំ២០២៣ ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានប្រកាសពីការប្ដេជ្ញាចិត្ត ក្នុងការតស៊ូមតិសម្រាប់ស៊ីហ្គេមឆ្នាំ២០២៥ និងស៊ីហ្គេមក្រោយៗទៀត ដោយធ្វើយ៉ាងណាស្នើដល់ប្រទេសជាម្ចាស់ផ្ទះ ធ្វើការរៀបចំឲ្យមានប្រភេទកីឡាគុនខ្មែរ ជាបន្ទាប់ៗមកទៀត។
ឯកឧត្ដមខាងលើបានមានប្រសាសន៍ថា « យើងមិនបានដកកីឡា Muay ឬ ក៏ដកកីឡាផ្សេងចេញពីស៊ីហ្គេមទេ យើងគ្រាន់តែបញ្ចូលប្រភេទកីឡា គុនខ្មែរ ឲ្យមានក្នុងបញ្ជីកីឡាស៊ីហ្គេម។ ការរៀបចំប្រភេទកីឡា គុនខ្មែរ នេះទៀតសោត យើងបានកំណត់រួចហើយ ពីច្បាប់នៃការប្រកួត ពោលគឺមិនទាក់ទងដល់ច្បាប់នៃប្រភេទកីឡារបស់គេទេ មិនថា Muay ឬកីឡាណាទេគឺមិនទាន់ទង។ ច្បាប់នៃការប្រកួតរបស់កីឡា គុនខ្មែរ នេះក៏អាចយកទៅប្រើប្រាស់នៅពេលរៀបចំស៊ីហ្គេមនៅប្រទេសផ្សេងទៀតបាន។ អ្វីដែលយើងបានដាក់បទបញ្ជាការប្រកួតគឺជាច្បាប់នៃការប្រកួតរបស់គុនខ្មែរ គឺមិនទាក់ទងជាមួយបទបញ្ជាការប្រកួតរបស់អ្វីផ្សេងទៀតទេ»។
បន្ថែមលើវិញ្ញាសាថ្មី ក្នុងប្រភេទកីឡាគុនខ្មែរ កម្ពុជាបានកំណត់បន្ថែមលើវិញ្ញាសាសម្ដែង ឬ ថ្វាយបង្គំគ្រូ ហើយប្រទេសដែលបានប្រកាសថា ចូលរួម៧ផ្សេងទៀតនោះក៏បានឯកភាពគ្នាទាំងស្រុងហើយដែរ។ ៨ប្រទេសដែលចូលរួមប្រកួត គុនខ្មែរមាន កម្ពុជាម្ចាស់ផ្ទះ ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី ។ នេះជាការបន្ថែមរបស់ ឯកឧត្ដម។
គិតមកដល់ពេលនេះសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ មានប្រទេសដែលជាសមាជិកចំនួន ២៩ ប្រទេសរួចហើយ ហើយគោលដៅរបស់កម្ពុជាគឺធ្វើយ៉ាងណាព្យាយាមពង្រីកបន្ថែមទៀត ឲ្យល្បីសុះសាយពាសពេញពិភពលោក៕
សូមបញ្ចេញមតិនៅទីនេះ