ស្មាត់ យុន កីឡាករឆ្នើមក្នុងក្រុម ពង្រូលកំពង់ស្ពឺ បានលើកឡើងថា មុនប្រកួតក្រុមខ្លួនវិភាគឃើញពីសមត្ថភាពរបស់ក្រុម ធី ម៉េងហ៊ួង ឬ ត្រីឆ្លាំងភ្នំពេញ មិនមែនជាដៃគូរបស់ខ្លួនឡើយ ពោលគឺយ៉ាងហោចណាស់ក្រុមខ្លួនអាចស៊ី៣-១ ដែរ តែដល់ពេលការប្រកួតជាក់ស្ដែងហាក់មានភាពភ្ញាក់ផ្អើល ពោលបែរមានការប្រកួតប្រជែងខ្លាំងវ៉ៃរហូតដល់ ៥សិត ជាលទ្ធផលគឺក្រុមមកពីខេត្តកំពង់ស្ពឺឈ្នះ ៣-២ ជាមួយពិន្ទុប្រផិតប្រផើយ។

ការលើកឡើងខាងលើបានធ្វើឡើងក្រោយពេលក្រុមពង្រូលឈ្នះជើងឯក Slamball កាលពីល្ងាចម្សិលមិញនេះនៅតារាងបាល់ទះវិសាខា។ ព្រឹត្តិការណ៍ Slamball រដូវកាលទី១នេះបានដំណើរការអស់រយៈពេលជិត៤ខែមកហើយ ទម្រាំអាចឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះតាមបណ្ដាខេត្តពីមួយដំណាក់កាលទៅមួយដំណាក់កាល។
ក្រោយការប្រកួត និងបានក្លាយជាជើងឯកជាមួយប្រាក់រង្វាន់ ៥ ពាន់ដុល្លារ ស្មាត់ យុន ដែលត្រូវបានគេស្គាល់ឈ្មោះពិតថា ទុយ កុសល បានលើកឡើងថា «មុនការប្រកួតខ្ញុំគិតថា យ៉ាងខំណាស់ក៏ខ្ញុំស៊ី៣-១ដែរ តែដល់ពេលលេងជាក់ស្ដែងខ្ញុំឃើញថា គេល្អដែរ ចឹងយើងពិបាកដែរ។ ចំណុចដែលធ្វើឲ្យក្រុមខ្ញុំពិបាកស៊ីគេដែរហ្នឹង ព្រោះថា យើងលេងមិនសូវត្រូវគ្នា»។
កីឡាករមកពីខេត្តកំពតដដែលបន្ថែមថា ទាក់ទងការការរៀបចំព្រឹត្តិការណ៍ខាងលើពិតជាល្អមែនទែន ព្រោះបានធ្វើការប្រកួតតាមបណ្ដាខេត្ត ពិសេសប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមានការគាំទ្រខ្លាំង។ គេសង្ឃឹមថា ក្រុមហ៊ុនស្រាបៀរ Angchor នឹងរៀបចំរដូវកាលទី២ ហើយក្នុងនាមជាក្រុមឈ្នះជើងឯកធានាថា នឹងចូលរួមប្រកួតការពារដំណែងជើងឯកមួយនេះផងដែរ។
គួររម្លឹកថា ព្រឹត្តិការណ៍ Slamball រដូវកាលទី១ បានចាប់ផ្ដើមដំណើរការប្រកួតចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានក្រុម-ខេត្តចំនួន៨ បានចុះឈ្មោះចូលរួម ជាលទ្ធផលក្រុមពង្រូលកំពង់ស្ពឺបានក្លាយជាជើងឯក ដោយគ្រងទឹកប្រាក់ ៥ ពាន់ដុល្លារ លេខ២បានទៅក្រុមត្រីឆ្លាំងភ្នំពេញទទួលបានប្រាក់រង្វាន់៣ ពាន់ដុល្លារ និងលេខ៣ បានទៅលើក្រុមដំរីសៀមរាប ទទួលបានប្រាក់រង្វាន់ ១៥០០ ដុល្លារអាមេរិក៕