កម្សាន្ត៖ ថ្មីៗកន្លងទៅនេះតារាចម្រៀងល្បីឈ្មោះ លីម តិចម៉េង បានទិញរថយន្តថ្មីស្រឡាង តម្លៃរាប់ម៉ឺនដុល្លារ ដោយផ្លាកលេខរថយន្តបំពាក់ឈ្មោះរបស់លោកផ្ទាល់តែម្តង។ អ្វីដែលធ្វើឱ្យកំលោះតូចរូបនេះក្រៀមក្រំ និង ខកចិត្តយ៉ាងខ្លាំងនោះ ព្រោះហ្វេន មួយចំនួននៅខេត្តព្រះវិហារ បានធ្វើឱ្យឆ្នូតឡានថ្មី និងបកស្កុតឡាន ដែលទើបនឹងទិញ។

ចាប់តាំងពីក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ មក លីម តិចម៉េង មមាញឹកការងារសិល្បៈជាខ្លាំងមិនថា នៅបណ្តាខេត្ត ឬនៅរាជធានីភ្នំពេញឡើយ។ ជាពិសេស រាល់ពេលតារាចម្រៀងរូបនេះទៅ ដល់ទីណា មានហ្វេនតាមប្រមាញ់សុំថតរូបជាហូរហែ ព្រមទាំងបុកសម្រុកមករកលោកជាច្រើន រហូតតារាចម្រៀងរូបនេះតែងសុំចិត្តហ្វេន ហ្វេន កុំប្រជ្រៀតគ្នាខ្លាំងពេក ព្រោះលោកមានពេលនឹងថតរូបជាមួយហ្វេនទៅតាមលទ្ធភាព។ ការសំណូមពររបស់ លីម តិចម៉េង បែបនេះព្រោះកន្លងមកកញ្ចក់ឡានចាស់របស់លោកត្រូវខូចខាតព្រោះតែហ្វេន។
អ្វីដែលកាន់តែពិបាកទទួលយកសម្រាប់តារាចម្រៀង លីម តិចម៉េង នោះ គឺថ្មីៗនេះឡានថ្មី ដែលតារាចម្រៀងរូបនេះទើបបានទិញ ដែលតម្លៃរាប់ម៉ឺនដុល្លារ ហើយកំពុងស្រឡាញ់ជាខ្លាំង បែរជាត្រូវមកខូចខាតព្រោះតែហ្វេន។
តាមរយៈវីដេអូបានបង្ហោះនៅលើបណ្តាញសង្គមដែលយកចេញពី Group Fan បានឱ្យដឹងថា ឡានថ្មីរបស់ តិចម៉េង ម៉ាក Hyundai Tucson ត្រូវហ្វេននៅខេត្ត ព្រះវិហារ ធ្វើឱ្យឆ្នូត និងបកស្កុតឡាន ធ្វើឱ្យឡានថ្មីខូចខាតមិនតិចនោះទេ។
យ៉ាងណាមិញ នៅលើបណ្តាញសង្គមរបស់ លីម តិចម៉េង លោកមិនបាននិយាយអ្វី ច្រើន នោះទេបានត្រឹមតែដាក់ Emoji ក្រៀមក្រំប៉ុណ្ណោះ ខណៈអ្នកគ្រប់គ្រងផ្ទាល់ តារាចម្រៀងរូបនេះបាន និយាយនៅក្នុងក្រុមហ្វេនដោយសំណូមពរ ឱ្យហ្វេនៗ ទាំង២៥ខេត្តក្រុង មេត្តាកុំប្រជ្រៀតគ្នា ខូចសណ្នាប់ធ្នាប់ គោះឡាន ព្រោះលោកនឹង សម្របសម្រួលឱ្យហ្វេនៗអាចថតរូបជាមួយ តិចម៉េង បាន។
ដោយឃើញសភាពឡានថ្មីរបស់ លីម តិចម៉េង ត្រូវខូចខាតបែបនេះ អ្នកគាំទ្រ របស់តារាចម្រៀងរូបនេះក៏បានលើកឡើងដែរថា បើស្រលាញ់គាំទ្រ លីម តិចម៉េង កុំធ្វើដូចនេះអីគួរយោគយល់ នឹងមិនគួរប្រព្រឹត្តទង្វើបែបនេះទេ៕