ប្រទេសកាតាកំពុងបញ្ជូនផ្ទះចល័តចំនួន ១០,០០០ ខ្នង ដែលធ្លាប់បានប្រើប្រាស់ជាកន្លែងស្នាក់អាស្រ័យ នៅក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ទៅកាន់តំបន់ដែលរងគ្រោះដោយការរញ្ជួយដី នៅក្នុងប្រទេសទួរគី និងស៊ីរី។ មនុស្សជិត ៤០,០០០ នាក់ ត្រូវបានគេជឿថា បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីចំនួន ២ ដែលបានវាយប្រហារប្រទេសទាំង២ កាលពីមួយសប្តាហ៍មុន។ អង្គការមនុស្សធម៌បានព្រមានថា មនុស្សជាង ១លាននាក់ កំពុងគ្មានផ្ទះសម្បែងនៅក្នុងប្រទេសទួរគី ហើយចំនួនអាចមានច្រើនជាងនេះនៅក្នុងប្រទេសស៊ីរី ខណៈប្រតិបត្តិការសង្គ្រោះកំពុងក៏ចាប់ផ្តើមធ្លាក់ចុះ។

មូលនិធិកាតារសម្រាប់ការអភិវឌ្ឍន៍ ដែលជាស្ថាប័នរដ្ឋាភិបាលទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍អន្តរជាតិ និងជំនួយបរទេស បានបង្ហោះវីដេអូនៃផ្ទះចល័តដំបូង ដែលត្រូវបានបញ្ជូនទៅតំបន់រងផលប៉ះពាល់។ មន្ត្រីម្នាក់បាននិយាយថា ប្រទេសកាតាមានផែនការនឹងបរិច្ចាគផ្ទះចល័តដែលប្រើប្រាស់នៅអំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ជូនដល់អ្នកដែលត្រូវការ។ ដោយបន្ថែមថា ដោយមើលឃើញពីតម្រូវការបន្ទាន់នៅក្នុងប្រទេសទួរគី និងស៊ីរី កាតាបានសម្រេចចិត្តដឹកជញ្ជូនផ្ទះចល័តរបស់ខ្លួនទៅកាន់តំបន់រងគ្រោះ ដោយផ្តល់នូវការគាំទ្រជាចាំបាច់ និងជាបន្ទាន់ដល់ប្រជាជនទួរគី និងស៊ីរី៕
អត្ថបទ៖ លីដា
ប្រភព៖ BBC