កាលពីពេលថ្មីៗនេះប្រធានម៉ឺយឡាវបានលើកឡើងថា សហព័ន្ធអន្តរជាតិនៃសមាគមម៉ឺយថៃ (International Federation of Muaythai Associations) គ្រាន់តែជាអ្នករៀបចំកម្មវិធីប្រកួតប៉ុណ្ណោះ ហើយគ្មានសិទ្ធិហាមឃាត់ប្រទេសណា ដែលចូលរួមការប្រកួត «គុនខ្មែរ» នៅកីឡាស៊ីហ្គេមឆ្នាំ២០២៣ នោះទេ។ លោកបានបន្ថែមថា ថៃចង់បង្ករឿង ហើយម៉ឺយថៃ គឺជាសិល្បៈក្បាច់គុនក្លែងក្លាយ ដែលប្រជាជនថៃព្យាយាមជំរុញពិភពលោកឱ្យមានការយល់ខុស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sanook។

ដោយសារបញ្ហារឿង «ម៉ឺយថៃ និង គុនខ្មែរ» ដែលបាននិងកំពុងបន្តជាច្រើនសប្តាហ៍ កាលពីពេលថ្មីៗនេះលោក Saisamorn Chaisorn ប្រធានសហព័ន្ធកីឡាប្រដាល់ឡាវ បានចេញមកបកស្រាយជុំវិញបញ្ហានេះ តាមរយៈគណនី YouTube ឈ្មោះថា I Box ។
លោកបាននិយាយថា៖«សម្រាប់សមាគមអន្តរជាតិម៉ឺយថៃ (IFMA) គ្រាន់តែជាអ្នករៀបចំការប្រកួតប៉ុណ្ណោះ។ មិនមែនជាអ្នកវិនិយោគ មិនមានសិទ្ធិហាមឃាត់ប្រជាជាតិណាដែលប្រកួតគុនខ្មែរទេ ព្រោះគាត់ប្រកួតគុនខ្មែរ មិនមែនម៉ឺយថៃ។ ប្រជាជាតិដែលចូលរួមប្រកួតប្រជែង ព្រោះយើងសង្កត់ធ្ងន់លើការរួបរួមរបស់ប្រទេសទាំង ១១ មិនដូចថៃដែលផ្តោតតែលើមុខជំនួញ និង ការវិនិយោគ។ ដូច្នេះថៃជាអ្នកបង្ករឿងក្នុងបញ្ហានេះ»។
លោកបានបន្ដថា៖«ទាក់ទងនឹងកម្មសិទ្ធិបញ្ញា ល្បុកតោ ឬគុនខ្មែរ គឺត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ (UNESCO = United Nations Educational, Scientific and Cultural Organization) ហើយភាគីថៃបានដាក់សំណើដូចគ្នា ប៉ុន្តែត្រូវបានច្រានចោល ដោយសារគ្មានអ្វីបញ្ជាក់»។ លោកថា៖«ដូចដែលបានផ្សព្វផ្សាយថាម៉ឺយថៃ នឹងចូលអូឡាំពិកនៅឆ្នាំ២០២៨ ប៉ុន្តែបញ្ជីកីឡាដែលរួមបញ្ចូលក្នុងការប្រកួតនេះមិនមានឈ្មោះម៉ឺយថៃទេ គឺមានតែប្រដាល់សេរីប៉ុណ្ណោះ៕
https://youtu.be/Xo-J_AnBeHk
អត្ថបទ៖ លីដា
ប្រភព៖ Sanook