លោក Carlo Ancelotti បានប្តេជ្ញាថា Real Madrid នឹងមិនចុះចាញ់ក្នុងការដេញតាមពីក្រោយក្រុម Barcelona នៅកំពូលតារាង LaLiga នោះទេ បើទោះបីជាចាញ់ពិន្ទុក្រុម Barcelona រហូតដល់ទៅ ៩ពិន្ទុ។ ការប្រកួតរវាង Real Madrid និង Real Betis កាលពីយប់មិញនេះ គឺពុំមានផ្លែផ្កាអ្វីទេ ខណៈ Barcelona ដែលមានតែគ្នា ១០នាក់ បានឈ្នះគូប្រកួតក្នុងលទ្ធផល ១-០ ទល់នឹងក្រុម Valencia។ ក្រុម Real Madrid ត្រូវធ្វើដំណើរទៅកាន់ទឹកដី Barcelona ក្នុងរយៈពេលពីរសប្តាហ៍ទៀត ប៉ុន្តែការទស្សន៍ទាយរបស់ Opta សម្រាប់ការឈ្នះពាន LaLiga របស់ Real Madrid គឺមានត្រឹមតែ ៩.៨%ប៉ុណ្ណោះ។

បន្ទាប់ពីបានឃើញក្រុមពុំទទួលបានលទ្ធផលល្អ ដោយបានត្រឹមស្មើ ១-១ ទល់នឹង Atletico Madrid កាលពីសប្តាហ៍មុន លោកគ្រូ Ancelotti ទទួលស្គាល់ថា Madrid ត្រូវធ្វើការឱ្យបានល្អជាងនេះ។ គាត់បានប្រាប់ Movistar នៅពេលសួរថា តើមានសង្ឃឹមក្នុងការដេញតាម Barca ដែរឬទេ? គាត់បាននិយាយថា៖«វានឹងពិបាក ស្មុគស្មាញខ្លាំងណាស់ ប៉ុន្តែយើងគ្មានការសង្ស័យទេ យើងនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។ ជាការពិតណាស់ លទ្ធផលទាំងនេះកំពុងប៉ះពាល់ដល់ក្រុម។ ប្រសិនបើវាមិនមែន នោះអ្នកគ្មានកន្លែងដើម្បីកែលម្អនោះទេ»។ រំលឹកដែរថា Madrid មិនស្គាល់ឈ្នះសោះក្នុង ៣ប្រកួត បន្ទាប់ពីចាញ់ Barcelona ១-០ ក្នុងការប្រកួតជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey កាលពីថ្ងៃព្រហស្បតិ៍៕