បើតាមការចុះផ្សាយរបស់ Marca បានឱ្យដឹងថា កំពូលតារាបាល់ទាត់ Cristiano Ronaldo បានផ្ញើជំនួយសប្បុរសធម៌ ទៅដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅឯប្រទេសស៊ីរី និងទួរគី កាលពីពេលថ្មីៗនេះ។ អតីតកីឡាករក្រុម Manchester United រូបនេះ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះសោកនាដកម្មដ៏អាក្រក់នេះ ហើយគាត់បានបញ្ជូនយន្តហោះផ្ទុកដោយសម្ភារៈថែទាំ និងស្បៀងអាហារផ្សេងៗ ដើម្បីជួយដល់ជនរងគ្រោះដែលរងផលប៉ះពាល់។

កំពូលកីឡាករ Cristiano Ronaldo បានធ្វើការចំណាយដោយផ្ទាល់លើការដឹកជញ្ជូនតង់ កញ្ចប់អាហារ ខ្នើយ និងភួយ គ្រែ អាហារទារក និងទឹកដោះគោ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅក្នុងតំបន់ដែលរងផលប៉ះពាល់ នៅប្រទេសតួកគី និងស៊ីរី ដែលអំណោយនេះមានតម្លៃប្រមាណ ៣៥០,០០០ ដុល្លារ។
កាលពីមុនគាត់ក៏បានបង្ហាញពីទឹកចិត្តសប្បុរស ដោយការផ្តល់មូលនិធិចំនួន ៨៣,០០០ ដុល្លារ ដើម្បីជួយដល់ការវះកាត់ខួរក្បាលរបស់កុមារ និងបរិច្ចាគ ១៦៥,០០០ ដុល្លារ សម្រាប់មជ្ឈមណ្ឌលមហារីកនៅប្រទេសព័រទុយហ្គាល់ដែលជាស្រុកកំណើតរបស់គាត់។ Ronaldo ដែលបានបម្រើការជាឯកអគ្គរដ្ឋទូតសម្រាប់ Save the Children, UNICEF, និង World Vision ក៏បានបរិច្ចាគប្រាក់ចំនួន ១លានដុល្លារ ដល់មន្ទីរពេទ្យព័រទុយហ្គាល់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ COVID-19 ផងដែរ៕