កីឡាករ Jordan Henderson បានដាស់តឿនមិត្តរួមក្រុមកុំឱ្យមានទំនុកចិត្តខ្លាំងពេក បន្ទាប់ពីការទទួលជ័យជម្នះក្នុងលទ្ធផល ៧-០ លើក្រុម Manchester United។ រំលឹកផងដែរថា ហង្សក្រហម Liverpool បានបង្កើតកំណត់ត្រាឈ្នះលើគូប្រជែងដ៏សំខាន់របស់ពួកគេយ៉ាងមិនគួរឱ្យជឿនៅក្នុងក្របខ័ណ្ឌ Premier League ស្របពេលដែលមុនការយកឈ្នះលើបិសាចក្រហមកាលពីថ្ងៃអាទិត្យនៅឯកីឡដ្ឋាន Anfield ក្រុម Liverpool ក៏មិនសូវជាធ្វើបានល្អប៉ុន្មាននោះដែរ។

ខណៈពេលដែល Liverpool កំពុងរីករាយជាពិសេសពីការផ្តួលក្រុម Manchester United លទ្ធផលនេះក៏បានធ្វើឱ្យពួកគេស្ថិតក្នុងរង្វង់ ៣ពិន្ទុ ពីក្រុមលេខ៤ គឺ Tottenham Hotspur ហើយនៅសល់ការប្រកួត ១ នៅក្នុងដៃ។ ចំណែក Newcastle មាន ៤ពិន្ទុ ពីតំបន់កៅអី Champions League ខណៈនៅសល់ ៤ប្រកួត នៅក្នុងដៃ។ ពេលនេះ Liverpool ទទួលបាន ១៣ ពិន្ទុ ពីការប្រកួតចំនួន ៥ កន្លងមក ប៉ុន្តែ Henderson មិនចង់ឱ្យក្រុមរបស់គាត់ស្បាយចិត្តភ្លេចខ្លួននោះទេ៕