ខ្សែប្រយុទ្ធ Richarlison របស់ក្លឹប Tottenham Hotspur បានសម្ដែងការរិះគន់លើលោកគ្រូ Antonio Conte បន្ទាប់ពីក្រុមនៅ Premier League មួយនេះ បានធ្លាក់ចេញពីក្របខណ្ឌ Champions League។ Spurs ត្រូវបានចាប់ឆ្នោតប៉ះ AC Milan ក្នុងវគ្គ១៦ក្រុម បន្ទាប់ពីបានឈរនៅកំពូលតារាងក្នុងពូលរបស់ពួកគេ។ Spurs មិនអាចរកគ្រាប់បាល់នោះទេ នៅក្នុងនាមជាម្ចាស់ផ្ទះកាលពីយប់មិញនេះ ស្របពេលដែលកីឡាករ Cristian Romero បានកាតក្រហមនៅនាទី៧៧ ដែលនាំឱ្យលទ្ធផលសរុបទាំងពីរជើងគឺ ១-០។

កីឡាករសញ្ជាតិប្រស៊ីល Richarlison បន្ទាប់ពីការប្រកួតចាញ់ជាមួយ AC Milan បាននិយាយថា៖«និយាយតាមត្រង់ទៅ រដូវកាលនេះអន់ណាស់ ខ្ញុំចង់លេងណាស់ ខ្ញុំមិនយល់… ខ្ញុំធ្វើបានល្អ គាត់ [Antonio Conte] បានសាកល្បងខ្ញុំក្នុងជម្រើស១១នាក់ដំបូងនៅពេលហ្វឹកហាត់ បន្ទាប់មកគាត់ក៏ដាក់ខ្ញុំនៅកៅអីបម្រុងម្តងទៀត»។ Richarlison ក៏បាននិយាយដែរថា រដូវកាលនេះគាត់មិនសូវបានលេងនោះទេ ដោយសារតែមានបញ្ហារបួស។ ប៉ុន្តែប៉ុន្មានប្រកួតចុងក្រោយដែលគាត់បានត្រឡប់ពីសម្រាកព្យាបាលរបួស គឺគាត់លេងបានល្អប្រសើរ ខណៈដែលលោក Conte ដាក់គាត់អង្គុយបម្រុងទៅវិញនៅក្នុងការប្រកួត CL យប់មិញនេះ៕