Paris Saint-Germain បានប្រកាសថា Neymar បានទទួលការវះកាត់ដោយជោគជ័យលើរបួសកជើងរបស់គាត់កាលពីថ្ងៃសុក្រ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានអវត្តមានពីការប្រកួតចាប់តាំងពីក្រុម PSG ឈ្នះក្រុម Lille ក្នុងលទ្ធផល ៤-៣ នៅក្របខណ្ឌ Ligue 1 កាលពីខែមុន។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានរីករាយនឹងរដូវកាលដ៏មានផលិតភាពបំផុតរបស់គាត់សម្រាប់ PSG ចាប់តាំងពីរដូវកាលឆ្នាំ ២០១៨-១៩ ដោយបានបង្កើតឱ្យមានគ្រាប់បាល់ ៣៤ គ្រាប់ (ស៊ុតបញ្ចូល ១៨គ្រាប់ និង ១៦ assists) នៅក្នុងការប្រកួតទាំងអស់ ដែលជាចំនួនខ្ពស់បំផុតទី២នៅក្នុងអាជីពនៅ PSG របស់គាត់។

PSG បានឈ្នះការប្រកួត Ligue 1 របស់ពួកគេទាំង ២ប្រកួត ដែលគ្មានវត្តមានរបស់ Neymar នាំឱ្យក្លឹបមាន ៨ពិន្ទុ ដាច់នៅលើកំពូលតារាង ទោះបីជាពួកគេត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Champions League បន្ទាប់ពីចាញ់ ២-០ នៅលើទឹកដីក្រុម Bayern Munich ក៏ដោយ។ គ្រូបង្វឹក Christophe Galtier បានបញ្ជាក់កាលពីដើមសប្តាហ៍នេះថា Neymar នឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ ដោយខ្សែប្រយុទ្ធរូបនេះត្រូវបានគេរំពឹងថា នឹងត្រូវអវត្តមានពី ៣ ទៅ ៤ ខែ។ សេចក្តីថ្លែងការណ៍របស់ក្លឹបដែលបានចេញផ្សាយកាលពីថ្ងៃសុក្របានសរសេរថា៖«Neymar បានទទួលការវះកាត់កាលពីល្ងាចថ្ងៃសុក្រនៅមន្ទីរពេទ្យ ASPETAR ក្នុងទីក្រុង Doha ដោយសាស្រ្តាចារ្យ Pieter D’Hooghe, James Calder និង Rodrigo Lasmar។ ការវះកាត់ដំណើរការយ៉ាងល្អ។ កីឡាករយើងនឹងធ្វើតាមពិធីការសម្រាក និងការថែទាំ»៕