ក្លឹប Manchester United នឹងមិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការហាមប្រាមចំនួន ៤ប្រកួត ដែលបានផ្តល់ឱ្យខ្សែបម្រើ Casemiro បន្ទាប់ពីកាតក្រហមរបស់គាត់ នៅពេលប្រកួតជាមួយ Southampton នោះទេ ដូច្នេះ Raphael Varane នឹងត្រូវជំនួសអវត្តមានរបស់គាត់។ Casemiro បានទទួលកាតក្រហម ក្រោយព្យាយាមប្រជែងគ្នាយ៉ាងខ្លាំងជាមួយ Carlos Alcaraz កំឡុងតង់ទី១ នៃការប្រកួត Premier League កាលពីថ្ងៃអាទិត្យនៅ Old Trafford បន្ទាប់ពីការផ្ទៀងផ្ទាត់ VAR ឡើងវិញ។

ខ្សែបម្រើរូបនេះក៏ត្រូវបានបណ្តេញចេញផងដែរ កាលពីពេលប្រកួតជាមួយក្រុម Crystal Palace កាលពីខែមុន ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដំបូងរបស់ Manchester United ដែលទទួលបានកាតក្រហម ២ ក្នុងរដូវកាលតែមួយក្នុង Premier League ចាប់តាំងពី Nemanja Vidic ក្នុងរដូវកាល ២០១៣-១៤។ នេះមានន័យថា គាត់ត្រូវព្យួរការប្រកួតក្នុងស្រុកចំនួន ៤ប្រកួត ដោយនឹងត្រូវខកខាន FA Cup ជាមួយក្រុម Fulham ក៏ដូចជាការជួបគ្នាក្នុងលីគជាមួយ Newcastle United, Brentford និង Everton។
លោក Erik ten Hag ក៏ត្រូវបានគេចោទសួរពីការបណ្តេញចេញពីទីលានលើខ្សែបម្រើ Casemiro បន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យផងដែរ ដោយគាត់អះអាងថា កីឡាករវ័យ ៣១ឆ្នាំរូបនេះ «គឺរឹងប៉ឹង ប៉ុន្តែយុត្តិធម៌» ហើយថា ការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលគឺគួរតែយកមកនិយាយ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ បិសាចក្រហមបានបញ្ជាក់ហើយថា ពួកគេនឹងមិនបើកការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការព្យួរកីឡាករប្រេស៊ីលរូបនេះឡើយ ដោយបានកំណត់ថា មិនមានឱកាសខ្ពស់ក្នុងការលុបចោលបម្រាមនោះទេ៕