ស្រោមដៃដែលពាក់ដោយអ្នកចាំទីអាហ្សង់ទីន Emiliano Martinez ហៅក្រៅថា Dibu កំឡុងការប្រកួតទទល់ជាមួយបារាំង នៅឯព្រឹត្តិការណ៍ World Cup វគ្គផ្តាច់ព្រ័ត្រកាលពីចុងឆ្នាំមុន ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ ៤៥,០០០ ដុល្លារអាមេរិក ដើម្បីជួយដល់មន្ទីរពេទ្យកុមារមួយកន្លែង។ មូលនិធិកុមារអាហ្សង់ទីនបានបង្ហោះនៅលើ Instagram របស់ពួកគេថា៖«៤៥,០០០ ដុល្លារសម្រាប់ស្រោមដៃរបស់ Dibu ដើម្បីជួយកុមារនៅ Garrahan!» ដោយសំដៅលើមន្ទីរពេទ្យ Garrahan ដែលជាមន្ទីរពេទ្យកុមារដ៏សំខាន់នៅក្នុងប្រទេសអាហ្សង់ទីន។ ការដេញថ្លៃត្រូវបានធ្វើឡើងតាមអនឡាញកាលពីថ្ងៃសុក្រ ដោយមានការចូលរួមពី Martinez តាមរយៈតំណភ្ជាប់វីដេអូពីផ្ទះរបស់គាត់នៅអង់គ្លេស ជាកន្លែងដែលគាត់កំពុងលេងឱ្យក្លឹប Aston Villa។

ស្រោមដៃនោះត្រូវបានពាក់ដោយ Martinez នៅពេលដែលគាត់ប្រឈមនឹងការស៊ុតបាល់ប៉េណាល់ទីយ៉ាងតានតឹង ទទល់នឹងបារាំង នៅវគ្គផ្តាច់ព្រ័ត្រក្នុងប្រទេសកាតា ដែលកាលនោះអាហ្សង់ទីនឈ្នះ ៤-២ ដែលនាំឱ្យក្រុមអាហ្សង់ទីនរបស់ Lionel Messi ទទួលបានជើងឯក ក្រោយចប់ម៉ោងធម្មតា + ម៉ោងបន្ថែម នៅក្នុងលទ្ធផល ៣-៣។ អ្នកចាំទីរូបនេះបាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍នោះថា៖«នៅពេលមានគេផ្តល់ជម្រើសឱ្យខ្ញុំ ដើម្បីបរិច្ចាគស្រោមដៃ World Cup, ខ្ញុំមិនស្ទាក់ស្ទើរទេ វាជាហេតុផលដ៏ល្អសម្រាប់ក្មេងៗ»។ គាត់បានបន្ដថា៖«ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup មិនត្រូវបានលេងជារៀងរាល់ថ្ងៃទេ (ស្រោមដៃ) គឺពិសេស។ ប៉ុន្តែវាអាចជួយក្មេងច្រើនជាងដែលខ្ញុំយកវាទៅដាក់ក្នុងស៊ុមព្យួរក្នុងផ្ទះទៅទៀត»។ ជម្រាបដែរថា Martinez បានចុះហត្ថលេខានៅលើស្រោមដៃនោះផងដែរ នៅដាក់ប្រកាសការបរិច្ចាគក្នុងខែកុម្ភៈ៕