អនាគតរបស់កីឡាករ Harry Kane នឹងមិនប្រែប្រួលទៅណាបានទេ ដោយសារក្លឹប Tottenham Hotspur មិនចង់លក់គាត់នៅទីផ្សាររដូវក្តៅនេះឡើយ មិនថាជាគាត់នឹងចុះហត្ថលេខាថ្មីជាមួយក្លឹប ឬថាក្លឹបនឹងបញ្ចប់ក្នុងចំណាត់ថ្នាក់ណានៅ Premier League បែបណាក៏ដោយ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នឹងត្រូវឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយការពិភាក្សាលើការបន្តកុងត្រាថ្មីកំពុងជាប់គាំង ស្របពេលដែលក្លឹប Tottenham ពិបាកនឹងរក្សាកៅអី Top4 របស់ខ្លួន។

Tottenham ចង់ផ្តល់អាទិភាពបន្ដកុងត្រាថ្មី និងកំពុងមានការអត់ធ្មត់យ៉ាងខ្លាំងចំពោះ Kane ដែលជាទ្រព្យសម្បត្តិដ៏សំខាន់របស់ក្លឹប។ វត្តមាន និងការចូលរួមចំណែករបស់ Kane មកកាន់ក្លឹប គឺមានតម្លៃជាងតម្លៃផ្ទេររបស់គាត់ទៅទៀត ជាពិសេសនៅពេលដែលក្លឹបត្រូវប្រឈមមុខនឹងការផ្លាស់ប្តូរនៅរដូវក្តៅនេះ ដោយការបញ្ចប់កុងត្រាជាមួយលោកគ្រូ Antonio Conte ហើយអនាគតរបស់នាយកក្លឹបលោក Fabio Paratici ក៏មិនប្រាកដប្រជា។ ចំណែក Manchester United ដែលតែងតែជាអ្នកគាំទ្រយូរឆ្នាំរបស់ Kane នៅតែរក្សាការចាប់អារម្មណ៍ចំពោះកីឡាករវ័យ ២៩ឆ្នាំរូបនេះ ប៉ុន្តែពួកគេមិនអាចដាក់អាទិភាពលើ Kane តែម្នាក់បានទេ៕