ក្លឹបអ្នកមានបុណ្យ Barcelona នឹងត្រូវជួបមុខគ្នាជាមួយស្ដេចស Real Madrid នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ម៉ោងនៅអេស្ប៉ាញ ដែលត្រូវនឹងម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃចន្ទម៉ោងនៅកម្ពុជា។ វាគឺជាជំនួប El Clasico ដ៏សំខាន់មួយ សម្រាប់ក្របខណ្ឌ La Liga នៅពេលដែល Barcelona ត្រូវការពារតំណែងកំពូលតារារបស់ខ្លួន ហើយ Real Madrid ត្រូវការពិន្ទុជាចាំបាច់។ ជាមួយគ្នានេះដែរ Barcelona ដែលជាម្ចាស់ផ្ទះនឹងពាក់ឈុតពិសេសមួយ ដែលមានឡូហ្គោអាល់ប៊ុម MOTOMAMI របស់តារាចម្រៀង ROSALíA ដើម្បីអបអរសាទរខួប ១ឆ្នាំ របស់អាល់ប៊ុមនេះ និងជោគជ័យដ៏ធំរបស់នាងនៅលើ Spotify។

លើសពីនេះទៀត ក្រុមនារី Barcelona ដែលនឹងត្រូវប្រកួត Clasico ជាមួយក្រុមនារី Real Madrid នៅថ្ងៃទី២៥ ខែមីនា ក៏នឹងពាក់ឈុត MOTOMAMI ក្នុងអំឡុងពេលប្រកួតផងដែរ។ ជម្រាបដែរថា នៅឆ្នាំ២០២២ តារាចម្រៀង ROSALÍA គឺជាសិល្បករអេស្ប៉ាញ ដែលមានអ្នកស្ដាប់ចម្រៀងរបស់គាត់ច្រើនជាងគេនៅទូទាំងពិភពលោក ជាមួយនឹងការកើនឡើងចំនួនចូលស្ដាប់នៅលើ Spotify ជាង ១១០% ប្រៀបនឹងឆ្នាំកន្លង។ ហើយនៅទីក្រុងបាសេឡូណាផ្ទាល់ នាងក៏ជាសិល្បករស្រីដែលមានការចូលស្ដាប់ច្រើនជាងគេនៅលើ Spotify កាលពីឆ្នាំមុន។
ROSALÍA បាននិយាយថា៖«វាធ្វើឱ្យខ្ញុំរំភើបខ្លាំងណាស់ ដែលក្លឹបធំដូចជា Barca នឹងពាក់ឈុតពិសេសនោះ និងច្រើនទៀត នៅក្នុងការប្រកួតសំខាន់ៗបែបនេះ!» នាងបានបន្ដថា៖«បាល់ទាត់ និងតន្ត្រីមានភាពស្រដៀងគ្នា នៅពេលនិយាយអំពីអារម្មណ៍នៅកំឡុងការប្រគុំតន្ត្រី និងការប្រកួត។ ថាមពលមនុស្សដែលផ្តោតអារម្មណ៍ មនុស្សជាច្រើនលង់លក់នឹងពេលវេលានោះ ដោយផ្ដោតអារម្មណ៍តែលើអ្វីដែលមាននៅក្នុងព្រឹត្តិការណ៍នោះ»៕