នៅមុននេះបន្ដិចដែលត្រូវនឹងព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ លោកឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់ពីមូលហេតុដែលក្រុមការងាររចនាខ្សែក្រវ៉ាត់របស់គាត់ សម្រេចចិត្តដាក់រូបនាគក្បាល៧នៅលើពាក្យ «គុនខ្មែរ» និងនៅចំកណ្តាលខ្សែក្រវ៉ាត់តែម្ដង។

នៅក្នុងការបង្ហោះលើបណ្ដាញសង្គម Facebook លោកបានសរសេរថា៖«សួស្តីបងប្អូននេះគឺជាមូលហេតុដែលក្រុមការងាររចនាខ្សែក្រវ៉ាត់សម្រេចចិត្តដាក់នាគក្បាល ៧នៅលើពាក្យ គុនខ្មែរ ហើយនៅចំកណ្តាលខ្សែក្រវ៉ាត់ទៅទៀតនោះគឺ៖ នាគក្បាល៧ដំណាងឲ្យ៧ថ្ងៃ និងដំណាងឲ្យមហិទ្ធិឬទ្ធិខ្លាំងពូកែ នាគក្បាល៧គឺជាអ្នកទ្រទ្រង់ អ្នកការពារ។ នាគមានតួនាទីទ្រទ្រង់ភពផែនដីទាំងមូល ដូច្នេះអត្ថន័យនៅទីនេះគឺនាគក្បាល៧នេះទ្រទ្រង់ថែរក្សាការពារគុនខែ្មរ។ នាគនៅទីនេះគឺជាស្តេចនាគវ័ន្ត។ នាគវ័ន្តគឺជានាគដែលមានកម្លាំងខ្លាំងខ្លាអាចព្រួសភ្លើងបាន ប្រៀបបានដូចកីឡាករគុនខ្មែររបស់យើងមានកម្លាំងខ្លាំងដើម្បីយកឈ្នះគូរប្រកួតនៅលើសង្វ្រៀន។
មួយវិញទៀតនាគបើកវែក គឺបង្ហាញនៅមហិទ្ធិឬទ្ធិខ្លាំងខ្លាមិនខ្លាចនរណានោះទេ។ ម្យ៉ាងវិញទៀត បើកាលណានាគបើកវែកបែបនេះមានន័យថា ជាម្លប់សម្រាប់ការពារអ្វីមួយ។ ដូច្នេះយើងដាក់គុនខ្មែរនៅពីក្រោយនាគ គឺមានអត្ថន័យថានាគកំពុងតែថែរក្សាការពារគុនខ្មែររបស់យើងមិនឲ្យនរណាម្នាក់ធ្វើអ្វីមួយមិនល្អមកកាន់គុនខ្មែរបានឡើយ។ ស្របពេលជាមួយគ្នាស្តេចនាគមិនត្រឹមតែការពារថែរក្សាតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏នឹងកម្ចាត់ជនទុច្ចរិតណាម្នាក់ដែលចង់មកឈ្លានពានគុនខ្មែររបស់យើងផងដែរ។ ហើយការពារទៀតសោតគឺមិនមែនការពារតែមួយថ្ងៃនោះទេ ប៉ុន្តែការពារគុនខ្មែរជានិរន្ត៍តែម្តង។ 💐💐💐 #Cambodia #sreychanthorn #ខ្មែរគាំទ្រគុនខ្មែរ #jetgroup» ៕