សហព័ន្ធកីឡាស្គែតកម្ពុជា នៅថ្មីៗនេះ បានបញ្ជូនកីឡាករឆ្នើមរបស់ខ្លួនចំនួន២រូប និងជំនួយការគ្រូបង្វឹកមួយរូបទៅចូលរួមវគ្គបណ្តុះបណ្តាលស្គីក្តារទឹកកក (Snowboard) ក្នុងក្របខណ្ឌកម្មវិធី Dream Program ២០២៣ ដែលត្រូវបានរៀបចំឡើង នៅទីក្រុងព្យុងឆាង (PyeongChang) ក្នុងខេត្តហ្គាងវ៉ុន សាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។ កម្មវិធីមាន ដំណើរការរយៈពេល១២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៥ ដល់ទី១៧ ខែមករា ឆ្នាំ២០២៣។

កីឡាករ០២រូប និងជំនួយការគ្រូបង្វឹកម្នាក់ ដែលទទួលបានឱកាសចូលរួមក្នុងកម្មវិធីនេះ មានដូចជា៖
១.កីឡាករ វឌ្ឍនៈ សុខគុណ
២. កីឡាករ ខឹម ច័ន្ទសក្តិ
៣. កញ្ញា សោភ័ណ្ឌ ពេជ្រវិច្ឆិកា ជំនួយការគ្រូបង្វឹក។
សូមជម្រាបជូនថា កម្មវិធី Dream Program ជាគំនិតផ្តួចផ្តើមរបស់មូលនិធិ PyeongChang 2018 Legacy Foundation ក្នុង ការផ្សព្វផ្សាយកីឡារដូវរងារដល់ស្រទាប់យុវជន ដែលមិនមានឱកាសលេងកីឡាប្រភេទនេះ។ ជាពិសេសតាមបណ្តាប្រទេសមិនមានព្រិល ឬទឹកកកធ្លាក់។
កម្មវិធីនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ដែលជាផ្នែកមួយនៃការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងារ របស់ទីក្រុងព្យុងឆាងឆ្នាំ២០១៨។ រហូតមកដល់បច្ចុប្បន្ននេះ មានយុវជនចំនួន២៣៩៨ មកពី៩៥ប្រទេសបានចូលរួម។
កំឡុងរយៈពេល២សប្តាហ៍ យុវជនអាយុចន្លោះពី១៣ទៅ២៣ឆ្នាំ នឹងទទួលបានការបណ្តុះបណ្តាលផ្នែកកីឡារដូវរងារ មាន ដូចជាស្គីក្តារទឹកកក ស្គីភ្នំ ស្គីទឹកកសិល្បៈ ស្គីទឹកកល្បឿនខ្លី ជាដើម។ គោលដៅចំបងនៃកម្មវិធី គឺផ្តល់វគ្គការបណ្តុះបណ្តាល ការផ្លាស់ ប្តូរបទពិសោធន៍គរុកោសល្យបង្រៀនរវាងគ្រូបង្វឹកប្រទេសចូលរួមនីមួយៗ និងពិសេសជាការគាំទ្រដល់ព្រឹត្តិការណ៍កីឡាយុវជនរដូវរងារ អូឡាំពិក២០២៤ ដែលខេត្តហ្គាងវ៉ុនរបស់សាធារណៈកូរ៉េនឹងធ្វើជាម្ចាស់ផ្ទះ។
នេះក៏ជាលើកទី៨ហើយដែលព្រះរាជាណាចក្រកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនី ជំនួយការគ្រូបង្វឹក និងគ្រូបង្វឹក ចូលរួម តាមរយៈគណៈកម្មាធិការអូឡាំពិកកម្ពុជា។ សម្រាប់ឆ្នាំនេះ មានវត្តមានប្រទេសចំនួន៣២ពីបណ្តាទ្វីបនានាដែលបញ្ជូនអ្នកចូលរួម ចំនួនសរុប១៣០នាក់។
សហព័ន្ធកីឡាស្គែតកម្ពុជាទទួលបានភារកិច្ចក្នុងការរៀបចំបញ្ជីឈ្មោះកីឡាករ និងដោយ បានជ្រើសរើសយក ជាពិសេសវិញ្ញាសាស្គីក្តារទឹកកក ដែលប្រហាក់ប្រហែលទៅនឹងកីឡាស្គីក្តាររបស់សហព័ន្ធ៕