កម្សាន្ត៖ ទោះរស់នៅសហរដ្ឋអាមេរិក ដោយមានកូនពីរនាក់ទៅហើយក្តី តែតារាសម្តែង សារាយ សក្ខណា នៅតែជាទីពេញចិត្តពីសំណាក់ម្ចាស់ផលិតកម្មនានា ។ យ៉ាង ណាមិញថ្មីៗនេះនាងត្រូវបានផលិតករដ៏ល្បីលោក ហ្វៃ សំអាង ជ្រើសមកសម្តែងខ្សែភាពយន្នខ្នាតធំរឿង «អប្សរាមហាអង្គរ»ដែលមានការចូល រួមពីសំណាក់តារាសម្តែងល្បីៗថ្មីចាស់ជាច្រើនដួង ។

ទោះបានចាកចេញទៅរស់នៅសហរដ្ឋអាម៉េរិកក៏ពិតមែនតែ សារាយ សក្ខណា នៅតែទទួលបានការពេញចិត្តពីសំណាក់ម្ចាស់ផលិតកម្មនានាដោយពេលនាង ត្រឡប់មកស្រុកកំណើតម្តងៗតារាស្រីរូបនេះតែងទទួលបានឱកាសថតស្ប៉តពាណិជ្ជកម្ម និងសម្តែងរឿងក្នុងតំណែងជាតួឯកមិនដែលខកខានឡើយ ។ ចំណុចនេះហើយដែលធ្វើឱ្យនាងនៅតែ មានការសរសើរពីសមត្ថភាពនិងរូបសម្រស់ពីសំណាក់អ្នកគាំទ្រ ។ថ្មីៗនេះដែរតារាសម្តែងកូនពីររូបនេះក៏មានឱកាសបាន ចូលរួមសម្តែងខ្សែភាពយន្តខ្នាតធំរឿង«អប្សរាមហាអង្គរ»ជារឿងភាគរបស់ទូរ ទស្សន៍ហង្សមាសដែលមានការចូលរួមសម្តែងពីសំណាក់តារាល្បីៗថ្មីៗចាស់ជាច្រើនដួង ជាពិសេសការចូលរួមពីសំណាក់បវរកញ្ញាជាច្រើនជំនាន់់ទៀតហើយ។
គួរបញ្ជាក់ថា សារាយ សក្ខណា ទើបដឹកដៃស្វាមីនិងកូនៗត្រឡប់ទៅប្រទេស អាម៉េរិកកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ក្រោយពីបានមករស់នៅស្រុក ខ្មែររយៈពេលជិតមួយឆ្នាំ។ បើតាមគម្រោង សារាយ សក្ខណា គ្រោងនឹងចុះមក ស្រុកខ្មែរជាថ្មីម្តងទៀតនៅក្នុងពេលឆាប់ៗនេះដើម្បីចូលរួមថតខ្សែភាពយន្តខ្នាតធំប្រចាំឆ្នាំ ២០២៣ក្រោមការដឹកនាំរបស់ផលិតករដ៏ល្បី ហ្វៃ សំអាង។ ខុសពី សិល្បការិនីដ៏ទៃ សារាយ សក្ខណា នៅតែទទួលបានការលើកទឹកចិត្តពី សំណាក់ស្វាមីនៅក្នុងការប្រឡូកអាជីពសិល្បៈដោយមិនមានការរារាំងឬប្រចណ្ឌអ្វីឡើយ ។
ដ្បិតបានចាកចេញទៅរស់នៅសហរដ្ឋអាម៉េរិកមែន តែ សារាយ សក្ខណា បានបោះទុនរាប់ម៉ឺនដុល្លារដើម្បីបង្កើតអាជីវកម្មធំៗជាបន្តបន្ទាប់នៅក្នងស្រុកកំណើតដែលមានដូចជាហាងកែសម្ជស្សដល់ទៅពីរសាខា អចលនទ្រព្យ រួមនឹង ហាងកាហ្វេថែមទៀត ។ ប៉ុន្តែយ៉ាងណាមុខរបរនៅក្នុងស្រុកទាំងនេះមានអ្នក ម្តាយនិងប្អូនប្រុសជាអ្នកមើលការខុសត្រូវហើយយូរៗម្តង សារាយ សក្ខណា ក៏ដូចជាស្វាមីបានចុះមកមើលអាជីវកម្មរបស់ខ្លួនផងដែរ ៕