ខ្សែប្រយុទ្ធជម្រើសជាតិវេលស៍ Gareth Bale បានចូលរួមជាមួយក្លឹប Los Angeles FC (LAFC) ក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំ បន្ទាប់ពីការចាកចេញរបស់លោកពីម្ចាស់ជើងឯក UCL ក្រុម Real Madrid។ នេះបើយោងតាមការប្រកាសរបស់ ក្លឹប Major League Soccer (MLS) កាលពីថ្ងៃចន្ទ។

កីឡាករវ័យ 32 ឆ្នាំ ដែលបានចុះហត្ថលេខាជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid ពីក្លឹប Tottenham Hotspur ក្នុងក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ 2013 ក្នុងតម្លៃផ្ទេរកំណត់ត្រា 100 លានអឺរ៉ូ នឹងចូលរួមជាមួយក្លឹបនៅអាមេរិកមួយនេះ ដោយគ្មានតម្លៃខ្លួនផ្ទេរ ។
ជុំវិញការផ្ទេរនេះ Gareth Bale បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ LAFC ថា “ខ្ញុំពិតជារំភើបខ្លាំងណាស់ សម្រាប់ការផ្លាស់ប្តូរទៅកាន់ LAFC។ នេះគឺជាកន្លែងដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ និងជាពេលវេលាដ៏ត្រឹមត្រូវក្នុងអាជីពរបស់ខ្ញុំ ហើយខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្តើមធ្វើការប្រកួតជាមួយក្រុម និងត្រៀមខ្លួន ដើម្បីឈ្នះពានរង្វាន់បន្ថែមទៀត នៅក្នុងទីក្រុង Los Angeles”។
កីឡាករសញ្ជាតិវេលស៍ ទំនងជាត្រូវបានគេចងចាំមិនភ្លេច សម្រាប់ការស៊ុតបញ្ចូលទីពីរគ្រាប់ រួមទាំងការទាត់បញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឆ្នាំ 2018 ទល់នឹងក្រុម Liverpool និង ការរកបានគ្រាប់បាល់ជ័យជំនះដ៏អស្ចារ្យជាមួយនឹងក្រុម Barcelona នៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey ឆ្នាំ 2014 ។
ពិតណាស់ Bale បានលើកពានជាច្រើនជាមួយ Real Madrid រួមមាន ពាន La Liga ៣ ដង ពាន Champions League ៥ ដង Club World Cup ៣ ដង និង Spanish Cup ទោះបីពេលវេលារបស់លោកនៅក្លឹប ត្រូវបានរំខានដោយរបួសក៏ដោយ។
គួរបញ្ជាក់ថា នៅទីក្រុង Los Angeles កីឡាករ Gareth Bale នឹងចូលរួមជាមួយខ្សែការពារអ៊ីតាលី Giorgio Chiellini ដែលបានចុះហត្ថលេខាជាមួយ LAFC ក្នុងខែនេះ បន្ទាប់ពីការចាកចេញរបស់លោកពី Juventus៕