សុក្រ , 17 មិថុនា 2022
Gavi ជិតចុះកុងត្រាថ្មីជាមួយ Barcelona ហើយ
ក្លឹបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា បានឈានដល់ការ ចរចារកិច្ចសន្យាថ្មីរយះពេលវែង ជាមួយខ្សែបម្រើវ័យជំទង់ដែលកំពុងលេចធ្លោ Gavi ។
មែនទែនទៅ អនាគតរបស់កីឡាករអេស្ប៉ាញរូបនេះ បានក្លាយជាប្រធានបទក្ដៅកគុក ក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលកិច្ចព្រមព្រៀងរបស់គេជាមួយក្លឹបយក្សកាតាឡានមួយនេះ នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ 2023 នេះហើយ។ មានពាក្យចចាមរាមមកថា កីឡាករវ័យ 17 ឆ្នាំរូបនេះ កំពុងត្រូវបានក្លិបធំៗជាច្រើន ដូចជា Manchester United, Chelsea, Liverpool និង Arsenal ព្យាយាមនាំយកគេទៅ Premier League នៅរដូវក្តៅនេះ។
ជុំវិញបញ្ហានេះ ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយថា ៖«យើងមានសុទិដ្ឋិនិយម ព្រោះយើងចង់ឱ្យ Gavi បន្តនៅ Barcelona ។ យើងពិតជារំភើបណាស់ ដែលគេស្នាក់នៅ ព្រោះគេជាថ្នាលយុវជនរបស់យើង។ ចំណែក កីឡាករ និងភ្នាក់ងាររបស់ Gavi ក៏ចង់បន្តនៅ Barcelona ដែរ ហើយ យើងជិតឈានដល់កិច្ចព្រមព្រៀងហើយ»។
យ៉ាងណាមិញ Gavi ត្រូវបានគេចោទប្រកាន់ថា កំពុងទាមទាអោយមានកិច្ចព្រមព្រៀងមួយ ដែលអាចស៊ីថ្លៃពលកម្មបានច្រើនជាងមុន ដោយសាររូបគេគឺជាកីឡការដ៏សំខាន់ម្នាក់របស់ក្រុម ពោលកាលពីក្នុងរដូវកាលមុន រូបគេបានបង្ហាញខ្លួនចំនួន 47 ប្រកួតនៅក្នុងការប្រកួតទាំងអស់របស់ក្លិប៕
សូមបញ្ចេញមតិនៅទីនេះ