សុក្រ , 09 កញ្ញា 2022
ផាន សុផេន មិននឹកស្មានថា ខ្លួនទទួលបានការកោះហៅពីក្រុមជម្រើសជាតិ ព្រោះទើបប្រឡូកបាល់ទាត់លក្ខណៈអាជីព ជាង១ឆ្នាំប៉ុណ្ណោះ
(បាល់ទាត់)៖ ខ្សែប្រយុទ្ធវ័យក្មេងក្លិបព្រៃវែងអេហ្វស៊ី កីឡាករ ផាន សុផេន ត្រូវបានកោះហៅចូលធ្វើតេស្ដក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាលើកដំបូង ដើម្បីយកឱកាសឆ្ពោះទៅបញ្ជីចុងក្រោយ ត្រៀមប្រកួតមិត្តភាពអន្តរជាតិតទល់បង់ក្លាដែស ថ្ងៃទី២២ ខែកញ្ញា ខាងមុខ។
កីឡាករវ័យក្មេងរូបនេះ អះអាងថា ខ្លួនមិននឹកស្មានអាចមានឱកាសចូលក្នុងបញ្ជីត្រៀមជម្រើសជាតិបែបនេះទេ ព្រោះទើបប្រឡូកបាល់ទាត់លក្ខណៈ អាជីពបានជាង១ឆ្នាំប៉ុណ្ណោះ។
ដោយឡែក គេគិតថា ការទទួលបានឱកាសដ៏ល្អនេះ ដោយសារតែបានមកពីការខិតខំប្រឹងប្រែង និងភាពលេចធ្លោក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត កាលនៅបន្ទាយមានជ័យផង កាលឆ្នាំ២០២១។ កាលណោះគេជា Top Scorer ក្នុងក្រុម ហើយក៏ត្រូវបានព្រៃវែងអេហ្វស៊ី នាំចូលរួមក្រុមក្នុងជើងទី២ ក្របខណ្ឌកំពូលកម្ពុជា រដូវកាលមុន។
ផាន សុផេន ថ្លែងបែបនេះ៖«ខ្ញុំអត់បានគិតថា មានថ្ងៃហ្នឹងទេ ព្រោះខ្ញុំទើបតែប្រឡូកក្នុងវិស័យហ្នឹង។ ក្នុងការត្រៀមខ្លួនរបស់ខ្ញុំ មានតែបន្តការប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតបង។ ខ្ញុំគិតថា ភាពលេចធ្លោក្នុងពានសម្ដេចកាលឆ្នាំមុន ការខិតខំប្រឹងប្រែង ការតស៊ូអត់ធ្មត់ ជាការរួមចំណែកមួយដ៏ធំសម្រាប់ខ្ញុំទើបធ្វើឱ្យមានថ្ងៃហ្នឹង។»
គួរបញ្ជាក់ថា ផាន សុផេន ផ្ដើមការហ្វឹកហាត់បាល់ទាត់ក្នុងក្រុមយុវជន Victory Poipet កាលជិត១០ឆ្នាំមុន ដោយបានចូលរួមការប្រកួតពានរង្វាន់ស្ម័គ្រចិត្តផ្សេងៗ។ ក្នុងរដូវកាល២០២២ នៃក្របខណ្ឌ Cambodia League 2 គេ រកបាន៩គ្រាប់ហើយ សម្រាប់ព្រៃវែងអេហ្វស៊ី៕
សូមបញ្ចេញមតិនៅទីនេះ