ច័ន្ទ , 12 កញ្ញា 2022
សំណេរដ៏ក្ដុកក្ដួលកូនស្រី លោកគ្រូ គឹម ភក្ដី ធ្វើឲ្យ ចាន់ វឌ្ឍនាកា ស្រក់ទឹកភ្នែកមិនដឹងខ្លួន
(បាល់ទាត់)៖ កាលពីថ្ងៃសៅ ទី១០ ខែកញ្ញា ឆ្នាំ២០២២ វេលា ០៩:០៥នាទីព្រឹក លោក គឹម ភក្ដី គ្រូបង្កោលរបស់ក្លិបបាល់ទាត់បឹងកេត បានទទួលមរណៈភាព ដោយសារជំងឺក្រពះធ្ងន់ធ្ងរ។
បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះ សហព័ន្ធកីឡាករបាល់ទាត់កម្ពុជា ក្លិបបាល់ទាត់នៅទូទាំងប្រទេស ក៏ដូចជាកីឡាករបាល់ទាត់ជាច្រើន បានបង្ហោះសារចូលរួមរំឡែកទុក្ខក្រុមគ្រួសាររបស់លោក បន្ទាប់ពីបាល់បង់ធនធានគ្រូបង្វឹកដ៏សំខាន់ម្នាក់របស់កម្ពុជា។
ក្នុងថ្ងៃជាមួយគ្នានោះ កូនស្រីបង្កើតរបស់លោកគ្រូ គីម ភក្ដី ឈ្មោះ Kim Soklita បានបង្ហោះសាររៀបរាប់ពីទុក្ខសោកថា៖« គាត់ទៅហើយ ពិតជាទៅហើយ។ តើប៉ាដឹងទេ ថ្ងៃនេះអាកាសធាតុល្អ ពពកក៏ស្អាត ហើយសត្វស្លាបក៏សប្បាយចិត្តដែរ នឹងសេរីភាព ប៉ុន្តែប៉ាមិនឃើញអ្វីទាំងអស់។ បើខ្ញុំដឹងទីបញ្ចប់ ខ្ញុំនឹងចុះមកជួបអ្នកនៅព្រឹកនេះ ដោយបានឱបប៉ាយ៉ាងកក់កដៅ កាន់ដៃប៉ា ហើយនិយាយថា ប៉ា ខ្ញុំស្រឡាញ់ប៉ា»។
កុមារី Kim Soklita បានបន្តថា « វាកើតឡើងភ្លាមៗពេក ខ្ញុំពិបាកក្នុងការទទួលយកណាស់។ ខ្ញុំដឹងថា មិនយូរមិនឆាប់ វានឹងមកដល់ ប៉ុន្តែវាមកលឿនពេក។ ប៉ាខ្ញុំស្រលាញ់ប៉ា។ អ្នកផ្សេងទៀតគិតពីវិធីលួងលោមខ្ញុំ ប៉ុន្តែគ្មានអ្នកណាដឹងថា ខ្ញុំកំពុងគិតយ៉ាងណាទេ។ តាមពិតខ្ញុំគ្រាន់តែចង់នៅម្នាក់ឯង។ ខ្ញុំនឹកប៉ាខ្លាំងណាស់។ បើមានជីវិតក្រោយ សូមប៉ាធ្វើជាឪពុកម្តងទៀត ក្នុងជីវិតនេះ ប៉ាបាននៅជាមួយខ្ញុំអស់រយៈពេល ១៤ឆ្នាំ ៤ខែ ១០ថ្ងៃ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំស្រឡាញ់លោកប៉ា ខ្ញុំមានរឿងជាច្រើន ដែលត្រូវនិយាយទៅកាន់ប៉ា តែខ្ញុំមិនមានពេលនិយាយវាទេ។ សូមអធ្យាស្រ័យ ដែលខ្ញុំមិនអាចកំដរប៉ាបានល្អ ប៉ាគឺជាឪពុកដ៏ល្អបំផុតនៅក្នុងពិភពលោក។ សម្រាប់ខ្ញុំ អ្វីគ្រប់យ៉ាងដែលប៉ាធ្វើគឺសម្រាប់ខ្ញុំ និងគ្រួសារ»។
បន្ទាប់ពីឃើញសារដ៏រំជួលចិត្ត ដែលរៀបរាប់ពីក្ដីឈឺចាប់ ដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ Kim Soklita ខ្សែប្រយុទ្ធរបស់បឹងកេត និងជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បាន Share សំណេរនោះ ភ្ចាប់ជាមួយពាក្យថា៖« ក្មួយដឹងទេថា សំណេរក្មួយសរសេរ ធ្វើអោយពូស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន»។
គួរបញ្ជាក់ថា នៅក្នុងអំឡុងដំណើរជីវិតរបស់លោក គឹម ភក្ដី លោកបានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍបាល់បាល់ទាត់ជាតិ តាមរយ:ការបណ្ដុះបណ្ដាលកីឡាករយុវជនថ្នាលកម្ពុជា ជាច្រើននាក់ ក៏ដូចជាការដឹកនាំក្លិបបាល់ទាត់អាជីព នាពេលកន្លងមកផងដែរ។ នេះគឺជាការបាត់បង់ធនធានដ៏ល្អមួយរូបរបស់បាល់ទាត់កម្ពុជា។ ក្នុងនាមយើងជាគ្រួសារបាល់ទាត់កម្ពុជា ពួកយើងសូមបួងសួងវិញ្ញាណក្ខន្ធរបស់លោក គឹម ភក្ដី សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ៕
សូមបញ្ចេញមតិនៅទីនេះ