ពុធ , 14 កញ្ញា 2022
ចាំ សិលា ៖ អ្នកប្រដាល់នៅថៃ គេអាចក្លាយជាអ្នកមាន តែនៅខ្មែរ ត្រូវប្រឹងដោយខ្លួនឯង
«អ្នកប្រដាល់នៅថៃស្ទើរតែទាំងអស់គេមានជីវភាពធូរធារ តែបើអ្នកប្រដាល់នៅខ្មែរយើងវិញចង់ក្លាយជាអ្នកមានដោយសារអាជីពនេះ អាស្រ័យលើខ្លួនយើងទេបង » នេះជាសម្ដីរបស់អ្នកប្រដាល់វ័យក្មេង ចាំ សិលា ដែលបានឆ្លើយសំនួរមកកាន់ Lee News ។
ប្រិយមិត្តអ្នកស្នេហាវិស័យគុនខ្មែរពិតជាបានដឹងហើយថា អ្នកប្រដាល់របស់កម្ពុជាស្ទើរតែទាំងអស់ភាគច្រើនជាកូនអ្នកអត់ ហើយការចូលហាត់ប្រដាល់ក៏អាចមកពីកត្តាជីវភាពដែរ។ ទាក់ទងចំណុចនេះអ្នកប្រដាល់វ័យ១៥ឆ្នាំ ចាំ សិលា បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា «… តាមខ្ញុំដឹងបងអ្នកប្រដាល់នៅថៃ គេមានបានច្រើន ដោយសារតែគេវ៉ៃមានតម្លៃខ្លួនថ្លៃ តែគេក៏ប្រឹងហាត់ណាស់ដែរ។ និយាយទៅគេវ៉ៃឈ្នះច្រើនៗទៅ ធ្វើឲ្យឈ្មោះគេល្បីវាក៏បានលុយច្រើនទៅតាមហ្នឹងទៅបង។ ចំណែកអ្នកនៅខ្មែរយើងវិញ បើចាប់អាជីពប្រដាល់គិតថា ចង់ក្លាយជាអ្នកមានអាហ្នឹងត្រូវពឹងលើខ្លួនយើង បើចាយវាយមិនគិតមិនអាចទៅរួចទេ ព្រោះវ៉ៃបានតម្លៃខ្លួនទាប មិនទាន់អាចយកទៅប្រៀបធៀបកីឡាករ ថៃ បានទេ។ បើនិយាយទៅប្រទេស ថៃ គេជឿនលឿនជាងយើងវាចឹងហើយបង» ។
កីឡាករដដែលបន្ថែមថា ការចូលហាត់ប្រដាល់ដោយសារតែខ្លួនស្រលាញ់ប៉ុណ្ណោះ ពោលមិនធ្លាប់គិតថា ចង់ក្លាយជាអ្នកមានដោយសារវិស័យនេះឡើយ ព្រោះគេដឹងថា កម្រិតកីឡាករកម្ពុជាមិនទាន់ទទួលបានកម្រៃច្រើនដូចប្រទេសគេទេ។ គួររម្លឹកថា ចាំ សិលា ជាកីឡាករវ័យក្មេងម្នាក់ដែលបានចូលហាត់ប្រដាល់តាំងពីអាយុ៧ឆ្នាំ របស់ក្លិប រស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ក្រសួងការពារជាតិ ហើយយុវជនវ័យ១៥រូបនេះក៏ធ្លាប់បានចេញទៅវាយនៅប្រទេសថៃបាន៤ ទៅ៥ដងរួចហើយដែរ៕
សូមបញ្ចេញមតិនៅទីនេះ