ពុធ , 14 កញ្ញា 2022
សហព័ន្ធសម្រេចទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួត U20កម្ពុជា ពីម្ចាស់ផ្ទះតាជីគីស្ថាន
ដើម្បីនាំយកការផ្សាយបន្តផ្ទាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២០ឆ្នាំ ជូនអ្នកគាំទ្របានទស្សនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចឲ្យទិញសិទ្ធិផ្សាយបន្តផ្ទាល់លើអនឡាញពីម្ចាស់ផ្ទះតាជីគីស្ថាន នៃពានរង្វាន់ AFC U20 Championship 2023 ដើម្បីផ្សាយលើទំព័រហ្វេសបុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជូនបងប្អូនកម្ពុជាទស្សនា ទោះមិនមានអ្នកឧបត្ថម្ភការផ្សាយ។
ក្រុមជម្រើសជាតិកម្ពុជាយុវជនក្រោមអាយុ២០ឆ្នាំ (U20) ត្រូវប្រកួតបើកពូល I ជាមួយក្រុម U20 លីបង់ នៅវេលាម៉ោង ៧យប់ ម៉ោងនៅកម្ពុជា ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពានរង្វាន់កម្រិតទ្វីបអាស៊ី 2023 AFC U-20 Asian Cup qualification ស្ថិតក្នុងវគ្គជម្រុះ។
ក្រុម U20កម្ពុជា ដឹកនាំដោយលោកគ្រូបង្វឹកជនជាតិជប៉ុន Koji Gyotoku ដែលមានកីឡាករ២៣នាក់ធ្វើដំណើរទៅកាន់ប្រទេសតាជីគីស្ថាន ជាទឹកដីសម្រាប់ប្រកួតក្នុងពូល I នៃវគ្គជម្រុះប្រចាំទ្វីបអាស៊ី នេះ លើវាលស្មៅកីឡដ្ឋាន Pamir Stadium។
កម្ពុជា ស្ថិតក្នុងពូលជាមួយម្ចាស់ផ្ទះតាជីគីស្ថាន លីបង់ និងសិង្ហបុរី។
កម្មវិធីប្រកួតសរុបក្នុងពូល I របស់ក្រុមជម្រើសជាតិកម្ពុជា៖
– ថ្ងៃទី១៤ ខែកញ្ញា កម្ពុជា ប៉ះ លីបង់ នៅកីឡដ្ឋាន Pamir
– ថ្ងៃទី១៦ ខែកញ្ញា សិង្ហបុរី ប៉ះ កម្ពុជា នៅកីឡដ្ឋាន Pamir
– ថ្ងៃទី១៨ ខែកញ្ញា តាជីគីស្ថាន ប៉ះ កម្ពុជា នៅកីឡដ្ឋាន Pamir៕
សូមបញ្ចេញមតិនៅទីនេះ