សៅរ៍ , 17 កញ្ញា 2022
Nick Taylor និយាយពាក្យមួយឃ្លានេះ ឆក់យកបេះដូងអ្នកគាំទ្រនៅកម្ពុជាមិនស្ទើរទេ
កូនកាត់ខ្មែរអាមេរិក កីឡាករ Nick Taylor ដែលមានម្ដាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក បានហោះមកកាន់ទឹកដីកម្ពុជាហើយ កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងទៅនេះ ដើម្បីមកកាន់ជំរុំហ្វឹកហាត់របស់ក្រុមគោព្រៃកម្ពុជា ត្រៀមប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិបង់ក្លាដេស នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ដែលត្រូវនឹងថ្ងៃ FIFA DAY។
មែនទែនទៅ ការចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា របស់កីឡាករវ័យក្មេង Nick Taylor គឺជាលើកទីមួយហើយ បន្ទាប់ពីលោក ហុងដា សម្រេចចិត្តកោះហៅឲ្យ យុវជនវ័យក្មេង ដែលកំពុងប្រកបអាជីពនៅទឹកដីសហរដ្ឋអាមេរិក ជាមួយក្រុម Orlando City B មកចូលរួមក្រុម។
បើនិយាយពីសម្រស់ ប្រកដណាស់ កំលោះសង្ហា Taylor បានឆកយកបេះដូងអ្នកគាំទ្រនារីៗនៅប្រទេសកម្ពុជាមិនតិចនោះទេ ហើយកាលពីម្សិលមិញនេះ Nick Taylor ក៏បាននិយាយពាក្យមួយឃ្លាយ៉ាងគួរឲ្យគោរពបន្ថែមទៀតផង។
បន្ទាប់ពីហ្វឹកហាត់ជាមួយក្រុមគោព្រៃបានចំនួនពីរថ្ងៃ កាលពីយប់មិញនេះ Nick Taylor បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមជាមួយទង់ជាតិកម្ពុជា និងសារយ៉ាងមានអត្តន័យថា៖« Play with love play from heart play for our nation» មានន័យជាភាសារខ្មែរថា« លេងដោយក្តីស្រលាញ់ លេងចេញពីបេះដូង លេងដើម្បីជាតិរបស់យើង»។
គួរបញ្ជាក់ថា Nick Taylor មានវ័យ២៣ឆ្នាំ កម្ពស់ ១.៧៨ម៉ែត្រ គឺជាថ្នាលយុវជនរបស់ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុនផ្លាស់មកកាន់ Orlando City B នៅដើមឆ្នាំ ២០២២៕
សូមបញ្ចេញមតិនៅទីនេះ