ពុធ , 21 កញ្ញា 2022
បញ្ហានេះហើយធ្វើឲ្យ ស សី នាំសិស្សទៅវ៉ៃនៅថៃថ្ងៃមុនចាញ់ទាំងមិនអស់ចិត្ត
ថ្មីៗនេះគ្រូបង្ហាត់ប្រដាល់នៅស្រុកមុខកំពូល ស សី បាននាំសិស្សសំណព្វ ស ធារ៉ា ទៅវ៉ៃនៅប្រទេសថៃ ក្បែរជាយដែនម៉ាឡេស៊ី ដោយការប្រកួតនោះយុវជនវ័យក្មេងរបស់កម្ពុជាប្រកួតចាញ់ពិន្ទុ កីឡាករថៃ Superball ។
ការប្រកួតនោះបានធ្វើឲ្យលោក ស សី ជាគ្រូបង្វឹកមិនអស់ចិត្តឡើយ ជាងនេះទៅទៀតពេលនេះលោកចេញមុខប្រកាស ចង់បង្កើតការប្រកួតរវាងកីឡាករទាំងពីរម្ដងទៀត ដោយធ្វើឡើងនៅខ្មែរវិញម្ដង។ លោកហ៊ានផ្ដល់តម្លៃខ្លួននូវទឹកប្រាក់ចំនួន៣០០ ដុល្លារដល់កីឡាករថៃខាងលើ ប្រសិនបើហ៊ានមកប្រកួតជាមួយ ធារ៉ា នៅខ្មែរវិញម្ដង
ចំពោះដើមចមដែលនាំឲ្យលោកចាញ់ទាំងមិនអស់ចិត្ត ពេលនាំ «ក្របីយន្ត» ស ធារ៉ា ទៅវាយនៅថៃនោះគឺដោយសារតែបញ្ហា ទីមួយគឺការធ្វើដំណើរមានរយៈពេលរហូតដល់ទៅ២ថ្ងៃទើបទៅដល់ទីតាំងប្រកួត ពោលជិះឡានចំនួន៥ ដំណាក់កាល និយាយទៅមានរយៈចម្ងាយឆ្ងាយណាស់រហូតដល់ជាយដែនម៉ាឡេស៊ីឯនោះ។ មួយចំណុចទៀតនោះគឺ ធារ៉ា មិនបានហ្វឹកហាត់ពេញលេញ លោកថា កាលនោះហាត់បានតែ២ថ្ងៃគត់។
«បាទ!កាលហ្នឹងខ្ញុំអឺ ព្រមទទួលការប្រកួតគេហើយ បើក្រឡាស់សម្ដីមិនកើត ហើយវាជិតដល់ថ្ងៃវ៉ៃផង។ ដល់ចឹងហាត់បានតែ២ថ្ងៃក៏ចេញដំណើរទៅប្រកួតទៅ។ ការធ្វើដំណើរឆ្ងាយណាស់បងអើយ ជិះឡាន២ថ្ងៃពេញ ដូរឡាន៥ដំណាក់កាលទើបដល់ កាលហ្នឹងយើងទៅដល់មុន២ថ្ងៃ តែ ធារ៉ា គ្នាគ្មានកម្លាំងទេ។ បងគិតមើលធ្វើដំណើរឆ្ងាយហើយពេលថ្លឹងទម្ងន់គេលើសយើង៨ខាំទៀតគឺគេ ៤៥,៨ គីឡូក្រាម យើងបាន ៤៥ គីឡូក្រាម។ ចឹងហើយទើបខ្ញុំចាញ់គេមិនអស់ចិត្តហ្នឹង បើខ្ញុំមើលក្បាច់វាយ ធារ៉ា ល្អជាង»។ នេះជាការសម្ដីលោក ស សី បានប្រាប់មកកាន់ Lee News ។
គួររម្លឹកថា ការប្រកួតរវាង ក្របីយន្ត ស ធារ៉ា និងយុវជនថៃ Superball អ្នករៀបចំកម្មវិធីរបស់ថៃក៏បានផ្ដល់ថវិកាចំនួន ៣០០ ដុល្លារដល់ខាងកីឡាករកម្ពុជាដូចគ្នា ហើយការហូបចុក ធ្វើដំណើរត្រូវចំណាយខ្លួនឯងទៀត ទើបលោកប្រកាសព្រមផ្ដល់ប្រាក់៣០០ដុល្លារដូចគ្នា ព្រោះចង់ឲ្យគូនេះប៉ះគ្នាម្ដងទៀតនៅខ្មែរ ហើយបើសិនបានប្រកួតក្នុងថ្ងៃព្រឹត្តិការណ៍មហាគុនខ្មែរថ្ងៃទី២៧ ខែកញ្ញា ខាងមុននេះកាន់តែពិសេស៕
សូមបញ្ចេញមតិនៅទីនេះ